សម្តេច​តេជោ ហ៊ុន សែន ជូនពរ​ជនរួម​ជាតិ​រីករាយ​ថ្ងៃឈប់​សំរាក និង​អនុមោទនា ថ្ងៃបុណ្យ​វិសាខបូជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហោះសារជូនពរបងប្អូនជនរួមជាតិ សូមរីករាយក្នុងថ្ងៃឈប់សម្រាក និងអនុមោទនា បុណ្យកុសល នៃថ្ងៃបុណ្យវិសាខបូជា។

សម្តេចតេជោ ក៏បានលើកយកនូវប្រវត្តិត្រួសៗនៃពិធីបុណ្យវិសាខបូជា ជាបុណ្យរបស់ព្រះពុទ្ធសាសនា ដែល ប្រទេសកម្ពុជា និងពិភពលោកប្រារព្ធនៅថ្ងៃនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែ ន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «រីករាយថ្ងៃឈប់សំរាក និងអនុមោទនា ថ្ងៃបុណ្យវិសាខបូជា។ ថ្ងៃ១៥កើត ខែពិសាខ ពស២៥៦២ ដែលត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃសីលផងដែរ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំង ពិភពលោកបាននាំគ្នាប្រារព្ធពិធីបុណ្យសាសនា ដ៏សំខាន់ខាងលើនេះផងដែរ»

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធី បុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹក ដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការ ណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំ តែប៉ុណ្ណោះ។

«នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធី បុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធ ធ្វើបាននៅទូទាំងពិភពលោក ទៀតផង។ សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ធបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមបានសប្បាយ រីករាយក្នុងថ្ងៃឈប់សម្រាក ការងារថ្ងៃសៅរ៍នេះផងដែរ»

You might also like More from author