ឆេះ​សិប្បកម្ម​កែច្នៃ​ប្រេងខ្មៅ​ នាថ្ងៃទី២១​ ខែឧសភា នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បណ្ដាល​មកពី​ឆ្លងចរន្ដ​អគ្គិសនី

(កំពង់ស្ពឺ)៖ អគ្គិភ័យដែលបានឆាបឆេះសិប្បកម្មកែច្នៃប្រេងខ្មៅមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ បណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែឧសភានេះ ថា សិប្បកម្មកែច្នៃប្រេងខ្មៅនេះមានម្ចាស់ឈ្មោះ ថន សេងលី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកឧត្តមសេនីយ៍ស្នងការ គ្រោះថ្នាក់នេះ បានបំផ្លាញរថយន្តដឹកប្រេង០១គ្រឿង, ម៉ាស៊ីនចម្រាញ់០៧ គ្រឿង, ស៊ីទែនផ្ទុកប្រេងចំនួន០៦, ធុងជ័រ២៤ និងប្រេងម៉ាស៊ូតចម្រាញ់រួច ចំនួន៦៧,០០០លីត្រ។ សម្រាប់ប្រតិ បត្តិការសង្គ្រោះវិញ សមត្ថកិច្ចបានប្រើប្រាស់រថយន្តអគ្គិភ័យ ចំនួន០៤គ្រឿង មានរថយន្តអធិការដ្ឋាន០១គ្រឿង, រថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ០២គ្រឿង, រថយន្តសាលាមិត្តភាពកម្ពុជាវៀតណាម០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៥រថយន្ត និងកម្លាំង២៥នាក់។

យ៉ាងណាក៏ដោយ សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបណ្ដាល ឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ៕

You might also like More from author