ភ្ញៀវទេសចរ​និយម​ឆ្លង​ទៅ​លេង​នៅ​ឆ្នេរ​កោះទ្រង់ នៅ​មុខ​ក្រុងក្រចេះ

(ក្រចេះ)៖ តាំងពីមានការរៀបចំឆ្នេរនៅកោះទ្រង់ សម្រាប់ឱ្យភ្ញៀវទេសចរលេងកម្សាន្តមក សហគមន៍អេកូទេសចរណ៍កោះទ្រង់ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានសង្កេតឃើញថា មានភ្ញៀវទេសចរយ៉ាងច្រើនកុះករ តែងតែឆ្លងទៅលេងកម្សាន្តនៅឆ្នេរមួយនេះ ពិសេសចាប់ពីពេលរសៀលរហូតដល់ក្បាលព្រលប់ ដោយសារតែឆ្នេរដ៏ស្រស់ស្អាតមួយនេះ ក៏នៅមុនឆ្ងាយប៉ុន្មានដែរ ពោលគឺនៅទល់មុខក្រុងក្រចេះតែម្ដង ដោយគ្រាន់តែឆ្លងទូក-កាណូតមិនដល់១០នាទីឡើយ។

លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់ បានឱ្យដឹងថា នៅរដូវក្ដៅនេះ គឺពិតជាសាកសមខ្លាំងណាស់ សម្រាប់ភ្ញៀវទេសចរ ពីព្រោះនៅទីនោះមានកន្លែងលេងទឹក (ទឹកទន្លេមេគង្គ) មានឆ្នេរខ្សាច់សម្រាប់លេងកម្សាន្ត មានខ្យុះសម្រាប់អង្គុយ ឬពិសាអាហារ-ភេសជ្ជៈយ៉ាងសប្បាយរីករាយ មានការការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ហើយសហគមន៍ក៏បានគិតគូរពីបញ្ហាអនាម័យ បរិស្ថាននៅជុំវិញនោះផងដែរ។

លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងដែរថា ទោះបីនៅលើកោះទ្រង់មានផលិតផលទេសចរណ៍យ៉ាងច្រើន សម្បូរបែបហើយក៏ពិតមែន ប៉ុន្តែមន្ទីរទេសចរណ៍ អាជ្ញាធរពាក់ព័ន្ធ និងសហគមន៍នៅតែពិគ្រោះគ្នារៀបចំឱ្យមានកន្លែងទេសចរណ៍ថ្មីៗ ជាបន្តបន្ទាប់ទៀត ដើម្បីបម្រើដល់សេចក្ដីត្រូវការរបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ៕

You might also like More from author