ស្នងការនគរបាល​រាជធានី​ភ្នំពេញ ច្រានចោល​ព័ត៌មាន​ថា​ ខ្លួន​មាន​បំណង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​ថ្មី

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រកាសច្រានចោល ចំពោះសារព័ត៌មានទាំងឡាយដែលបានចុះផ្សាយថា ស្នងការក្រុងមានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយឡើយ។

ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្នងការមានបំណងកែសម្រួល និងបំប៉នក្រុមអន្តរគមន៍ដែលមានស្រាប់ ឱ្យទៅជាក្រុមអន្តរាគមន៍ពិសេស ដោយក្រុមនេះ នឹងត្រូវទទួលវគ្គបំប៉នជំនាញបន្ថែមទាំងក្នុង និងក្រៅប្រទេស។

តាមរយៈ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបដិសេធទាំងស្រុង ចំពោះសារព័ត៌មានទាំងឡាយដែលចុះផ្សាយថាស្នងការក្រុង មានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយឡើយ»

សូមជម្រាបថាថ្មីៗនេះ នៅក្នុងឱកាសជួបជាមួយប្រតិភូវៀតណាម ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើដល់ភាគីវៀតណាម ជួយរៀបចំបើកវគ្គសិក្សាសំខាន់ៗ សម្រាប់ក្រុមអន្តរាគមន៍ពិសេសមួយនេះផងដែរ៕
(ប្រភព Fresh News)

You might also like More from author