ជនជាតិ​ចិន​ ពីរ​ក្រុម​បើក​ឡាន​បុក​គ្នា និង​វាយ​គ្នា​ផ្អើល ខណ្ឌ​ចំការមន​ទាំង​កណ្តាល​យប់ (Video Inside)

(ភ្នំពេញ)៖ ជនជាតិចិនពីរក្រុមបើកឡានបុកគ្នា និងវាយគ្នាផ្អើល ខណ្ឌចំការមនទាំងកណ្តាលយប់ ដែលបង្កឲ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោងជាង១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ៩៥ស្ថិត ក្នុង សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-3693 បើកបរដោយជនជាតិ មួយក្រុម ធ្វើដំណើរតាមបណ្ដោយផ្លូវ៩៥ក្នុង ល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅ បុករថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខភ្នំពេញ 2AQ-3376 ដែលកំពុង ធ្វើដំណើរ តាមបណ្ដោយផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិចចំជំហៀងខាងឆ្វេង បណ្ដាលឲ្យ រថយន្តរងការខូច ខាតយ៉ាងដំណំ។

បន្ទាប់ពីរថយន្តទាំងពីរជួបគ្រោះថ្នាក់ចរាចរណ៍ហើយ ភ្លាមៗនោះភាគីរថយន្តទាំងពីរបានចុះពីលើរថយន្តប្រកែក គ្នា រហូតដល់បង្កជាករណី ហិង្សាដេញវាយគ្នាពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីមកវាស់ វែងយករថយន្តទាំងពីរ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

(ប្រភព Fresh News)

You might also like More from author