អ្នក​យក​ព័ត៌មាន​ពីរ​នាក់ នៅ​ខេត្ត​កំពង់​ធំ ត្រូវ ឃុំខ្លួន​ដាក់​ពន្ធនាគារ រឿង​ជំរិត​ទារ​ប្រាក់

(កំពង់ធំ)៖ អ្នកយកព័ត៌មានពីរនាក់នៅខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយត្រូវបានតុលាការខេត្តមួយ នេះ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅក្នុងពន្ធនាគារ កាលពីម្សិលមិញ ពាក់ព័ន្ធការជំរិតទារប្រាក់ពីមន្ដ្រីអាជ្ញាធរ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក យុត ពន្លឺ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ដែល ទទួលបាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ហ៊ាង លីហាក់ អាយុ៥០ឆ្នាំ និងឈ្មោះ អាំង ប៊ុនហ៊ូវ អាយុ៤១ឆ្នាំ។

ជនត្រូវចោទទាំងពីររូបនេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «កំហែងយក» ប្រព្រឹត្តនៅចំណុចហាង កាហ្វេមួយកន្លែង ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមព័ត៌មានមួយចំនួនដែលទទួលបានបញ្ជាក់ថា អ្នកយកព័ត៌មានទាំងពីររូបនេះ រងការចោទប្រកាន់បាន ជំរិតទារប្រាក់ ចំនួន១,២០០ដុល្លារ ពីលោក លី ស្រេង នាយកដែនជម្រកសត្វព្រៃអភិរក្សព្រៃឡង់។ តាមព័ត៌មាន ខាងលើ លោក ហ៊ាង លីហាក់ បម្រើការងារនៅសារព័ត៌មាន សំឡេងសន្ដិភាព និងឈ្មោះ អាំង ប៊ុនហ៊ូវ បម្រើការងារនៅសារព័ត៌មានវិថីសន្ដិភាព។

គួរបញ្ជាក់ថា លោក ហ៊ាង លីហាក់ ទើបតែចេញពីពន្ធនាគារបានជាង១ខែប៉ុណ្ណោះ ក្រោយត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារកាលពីចុងខែមិថុនា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទ ឆបោក ដែលពេលនោះ លោកបម្រើការងារ នៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥៕

(ប្រភព Fresh News)

You might also like More from author