ថៃប្រគល់​​ពលរដ្ឋ​ខ្មែរ ៨នាក់ មកវិញ ក្រោយ​ដាក់​ទោស ២ឆ្នាំ ពី​បទ​ឆ្លងដែន​ខុសច្បាប់

(ព្រះវិហារ)៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋខ្មែរចំនួន ៨នាក់ ត្រូវបានអាជ្ញាធរប្រទេសថៃ បញ្ជូនខ្លួនមកឲ្យអាជ្ញាធរកម្ពុជាវិញ នៅតាមមាត់ច្រកតំបន់អានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ បន្ទាប់ពីជាប់ឃុំឃាំង អស់រយៈពេល២ឆ្នាំ បទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា នៅវេលាម៉ោង០១៖៣០នាទី ថ្ងៃទី១១ ខែមីថុនា ឆ្នាំ២០១៩នេះ អាជ្ញាធរថៃបានបញ្ជូនខ្លួន ពលរដ្ឋខ្មែរ៨នាក់ ដែលជាប់ឃុំឃាំងក្នុងខេត្តអ៊ូប៊ុន មកឲ្យលោកអនុសេនីយ៍ឯក អ៊ុយ ស៉ីថា អនុប្រធានក្រុមការងារទំនាក់ទំនង ច្រកតំបន់អានសេះ។

លោក ឱ សេង បានឲ្យដឹងទៀតថា ប្រជាពលរដ្ឋខ្មែរទាំង៨នាក់នេះ ត្រូវបានភាគីថៃចាប់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ ក្នុងភូមិសាស្រ្តស្រុកណំាយឺន ខេត្តអ៊ូប៊ុន ប្រទេសថៃពីបទលួចចូលកាប់ឈើ ក្នុងទឹកដីថៃចូលតាមចំណុចមុំបី។

ប្រជាពលរដ្ឋខ្មែរទាំង ៨នាក់នេះមានឈ្មោះដូចតទៅ៖ ទី១៖ ឈ្មោះ នួន លោក ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិសែនរុងរឿង១ ឃុំមរកត, ២៖ ឈ្មោះ រ័ត្ម តា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិសែនរុងរឿង១ ឃុំមរកត, ៣៖ ឈ្មោះ នី នឿន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន, ៤៖ ឈ្មោះ ប៊ុន សុកជា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត, ៥៖ ឈ្មោះ នី សៀកណៃ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត, ៦៖ ឈ្មោះ ប៊ុន ចាន់ណាក់ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត, ៧៖ ឈ្មោះ សេង គឹមសឿន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត, និង៨៖ ឈ្មោះ វី វឿន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត។

ក្រោយពីលោកអនុសេនីយ៍ឯក អ៊ុយ ស៊ីថា អប់រំរួចហើយក៏ឲ្យវិលត្រឡប់ទៅលំដ្ឋានវិញរៀងៗខ្លួន៕
(ប្រភព ​Fresh News)

You might also like More from author