នគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្ក្រាប​មុខ​សញ្ញា​លក់​​ថ្នាំញៀន​តាម​រថយន្ត​ដឹក​ទំនិញ​ធុនធំ ១ករណី!

(ព្រះសីហនុ)៖ កម្លាំងនគរបាលបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចុះបង្ក្រាបមុខសញ្ញាលក់ថ្នាំ ញៀនតាមរថយន្តធុនធំ១ករណី ដោយចាប់បានវត្ថុតាងថ្នាំញៀនជាច្រើនកញ្ចប់ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ យុទ្ធនាការនេះបានធ្វើឡើងកាលពីម៉ោង ៩ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។

សមត្ថកិច្ចនគរបាលឲ្យដឹងបន្តថា បទល្មើសគ្រឿងញៀនខាងលើនេះ ក្រោយមកកម្លាំងជំនាញក៏បាន ឆែកឆេរក្នុងរថយន្តរបស់ជនសង្ស័យបើក ហើយបានរកឃើញថ្នាំញៀនចំនួន១០ កញ្ចប់ និងឧបករណ៍ សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។

ទាក់ទិនបញ្ហានេះ លោកវរសេនីយ៍ ឯក រស់កី អធិការនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា មុខសញ្ញាលក់ចែកចាយគ្រឿងញៀន តាមរថយន្តធុនធំដឹកទំនិញខាងលើនេះ សមត្ថកិច្ចជំនាញរបស់លោកបានតាមឃ្លាំមើលជាយូរមកហើយៗ លុះដល់វេលាម៉ោងដូចបានបញ្ជាក់ខាងលើ សមត្ថកិច្ចក៏បានចុះឃាត់រថយន្តសង្ស័យបម្រុងឆែកឆេរ ក៏ស្រាប់តែមុខសញ្ញាសង្ស័យដឹងខ្លួន ក៏បានបើករថយន្តធុនធំយ៉ាងលឿន ដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ច ហើយភ្លាមៗនោះ សមត្ថកិច្ចក៏បានសម្រេចចិត្តប្រើអាវុធ ដើម្បីបាញ់បំបែកកង់មុខរថយន្តតែម្តង។ ប៉ុន្តែនៅពេលរថយន្ដបានបញ្ឈប់ល្បឿន ជនសង្ស័យជាអ្នកបើកបររថយន្តខាងលើ ក៏បានលោតចុះពីរថយន្ត ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោលតែម្តង។

យ៉ាងនេះក្តី កម្លាំងជំនាញក៏បានធ្វើការឆែកឆេរក្នុងរថយន្ត ដែលជនសង្ស័យបើក ក៏បានរកឃើញវត្ថុតាងមួយចំនួនមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។ ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណបើកបររបស់ជនសង្ស័យមានឈ្មោះ មុិច ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានមុខរបរជាអ្នកបើកបររថយន្តដឹកទំនិញ៕

You might also like More from author