សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ហុងគ្រី និង​ចូលរួម​សន្និសីទ​កំពូល CICA នៅ​តាគីជីស្ថាន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី។ ក្នុងដំណើរ ចេញទៅបំពេញបេសកកម្មការងារនៅប្រទេសស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួម សន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅទីក្រុងឌូស្ហាន់ បេ ប្រទេសតាគីជីស្ថានផងដែរ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី របស់សម្តេចតេជោ និងគណៈប្រតិភូធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ ២០១៩ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី ហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orbán)។

ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹក នាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រី លើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹង ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារចំនួនពីរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកត័រ អ័របាន៕

You might also like More from author