ពលរដ្ឋហ្វីលីពីន អាច​ចូល​មក​កម្ពុជា​បាន ៣០ថ្ងៃ ដោយ​មិន​ចាំបាច់​សុំ​ទិដ្ឋាការ

(ភ្នំពេញ)៖ ស្ថានទូតហ្វីលីពីននៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យស្នាក់នៅ៣០ថ្ងៃដំបូង នៅក្នុងប្រទេសកម្ពុជា ដោយពុំចាំបាច់មានទិដ្ឋាការ សម្រាប់ពលរដ្ឋហ្វីលីពីន ដែលមានលិខិតឆ្លងដែនធម្មតា។

យោងតាមសេចក្តីជូនដំណឹងនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្ថានទូតហ្វីលីពីនសូមជូនជំណឹង ដល់ពលរដ្ឋហ្វីលីពីនទាំងអស់ឱ្យជ្រាបថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា នៅក្រោមស្មារតីបដិភាព បានយល់ស្របចំពោះសំណើរបស់ស្ថានទូត ដែលស្នើឱ្យមានការពន្យាររយៈពេលស្នាក់ សម្រាប់ពលរដ្ឋហ្វីលីពីន ដែលកាន់លិខិតឆ្លងដែនទូទៅធម្មតា និងចូលមកក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជាជាលើកដំបូង ដោយពុំមានទិដ្ឋាការ ចាប់ពី២១ថ្ងៃ ឱ្យដល់៣០ថ្ងៃតែម្តង ហើយអាចនឹងពន្យារពេលបាន ៣០ថ្ងៃទៀត ប៉ុន្តែបានតែម្តងគត់»

បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងទៀតថា សម្រាប់ពលរដ្ឋហ្វីលីពីន ដែលមានបំណងចង់ស្នាក់នៅក្នុងប្រទេសកម្ពុជា លើសពី៦០ថ្ងៃ គឺគួរតែដាក់ពាក្យសុំទិដ្ឋាការភ្លាមៗ នៅពេលឈានជើងចូលមកដល់ប្រទេសកម្ពុជា ដើម្បីចៀសសវាងបញ្ហារំខានផ្សេងៗ។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ការអនុគ្រោះរបស់កម្ពុជា ចំពោះពលរដ្ឋហ្វីលីពីនេះ គឺជាការសម្របសម្រួល ក្នុងនាមសមាជិកអាស៊ានដូចគ្នា។

លោកបានអះអាងថា៖ «ការឆ្លើយតបមុនគេរបស់ខ្ញុំគឺ បង្កើតទីតាំងសម្របសម្រួលរួមមួយ នៅតាមប្រទេសជាសមាជិកអាស៊ាន ព្រោះចង់ក្រើនរំលឹកអ្នកទាំងអស់គ្នាថា ពួកយើងកំពុងតែកសាងសហគមន៍មួយ ដើម្បីឲ្យមានការរឹតត្បិតទិដ្ឋាការកាន់តែតិចតួចទៅៗ»

You might also like More from author