កំណាត់ផ្លូវជាតិ​លេខ៣ កំពត-វាលរេញ ធ្វើ​មិន​ទាន់រួច​ផង​ ចាប់ផ្តើម​ខូច​​វិញហើយ, លោក ស៊ុន ចាន់ថុល ប្រកាស​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ឡើងវិញ

(ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ ប្រវែងជាង ៥៤គីឡូម៉ែត្រពីទីរួមខេត្តកំពត ទៅកាន់រង្វង់មូលវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកំពុងជួសជុល និងស្តារឡើងវិញដោយក្រុមហ៊ុនបរទេសមួយនោះ ដំណើរការស្តារ និងជួសជុលមិនទាន់ទាំងរួចរាល់ផង ស្រាប់តែផ្លូវនៅចំណុចខ្លះចាប់ផ្តើមខូចវិញបណ្តើរៗហើយ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងការខឹងសម្បា និងប្រកាសឱ្យក្រុមហ៊ុនកែលំអ និងធ្វើផ្លូវនេះឡើងវិញ បើមិនដូច្នោះក្រសួងមិនទទួលយកនោះឡើយ។ ប្រតិកម្មរបស់លោកទេសរដ្ឋមន្ត្រីបានកើតមានឡើង ក្នុងពេលរូបលោកអញ្ជើញចុះទៅពិនិត្យផ្លូវនេះដោយផ្ទាល់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ ហើយបានពិនិត្យឃើញពីការខូចខាតផ្លូវនោះដោយផ្ទាល់ភ្នែក។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនបរទេសមួយធ្វើការស្តា និងជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ៣ ប្រវែង ៥៤.៣០គីឡូម៉ែត្រ ចន្លោះគីឡូម៉ែត្រ ១៤៧+១០០ ដល់គីឡូម៉ែត្រ ២០១+៤០០ រង្វង់មូលវាលរេញ ដោយត្រូវចំណាយថវិកាប្រមាណ ១២លានដុល្លារអាមេរិក។ កំណាត់ផ្លូវនេះត្រូវជួសជុល និងកែលំអដោយអ៊ុតក្រាលកៅស៊ូ AC។

កំណាត់ផ្លូវនេះ បានចាប់ផ្តើមដំណើរការជួសជុល និងកែលំអ កាលពីខែកុម្ភៈ ឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០១៩។ មកដល់ពេលបច្ចុប្បន្នការជួសជុល និងកែលំអសម្រេចបានជាង ៦៧ភាគរយហើយ។ លោករដ្ឋមន្ត្រី បានបញ្ជាឱ្យក្រុមហ៊ុនពិនិត្យជួសជុល និងកែលំអឡើងវិញ បើមិនដូច្នោះក្រសួងមិនចុះហត្ថលេខាទទួលយកផ្លូវនេះជាដាច់ខាត។ លោក ស៊ុន ចាន់ថុល ថែមទាំងព្រមានទៀតថា ប្រសិនបើក្រុមហ៊ុននៅតែបន្តការធ្វើផ្លូវគ្មានគុណភាពបែបនេះទៀត ក្រសួងនឹងដាក់ក្រុមហ៊ុនក្នុងបញ្ជីខ្មៅមិនឱ្យចូលរួមសាងសង់ផ្លូវនៅកម្ពុជាទៀតនោះទេ។

ជាមួយករណីនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋផងដែរ។ លោកបានសន្យាថា នឹងតាមដានពិនិត្យដំណើរការជួសជុលកំណាត់ផ្លូវនេះឱ្យមានគុណភាព និងត្រឹមត្រូវទៅតាមស្តង់ដារ៕

You might also like More from author