មន្ត្រីអ៊ីរ៉ាក់ ២៧នាក់ បញ្ចប់​ជំនាញ​​ការ​បោស​សម្អាត​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​ពី​កម្ពុជា ​ដោយ​ជោគជ័យ

(ភ្នំពេញ)៖ មន្ត្រីអ៊ីរ៉ាក់ចំនួន២៧នាក់មក ពីក្រសួងមហាផ្ទៃ, ក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនតំបន់ឃឺត បានបញ្ចប់ដោយជោគជ័យក្នុងវគ្គហ្វឹកហ្វឺន ស្តីពីការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់អតីតសមរភូមិ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការកម្មវិធីហ្វឹកហ្វឺនអ៊ីរ៉ាក់-កម្ពុជា គាំទ្រថវិកាដោយប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារកិច្ចសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA)។

ពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកទេសសកម្មភាពកំចាត់មីន ជូនមន្ត្រីជំនាញមកពីប្រទេសអ៊ីរ៉ាក់នេះ រៀបចំឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបញ្ហាគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ , លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងប្រធាន JICA នៅភ្នំពេញ។

លោក ហេង រតនា បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ ជាវគ្គហ្វឹកហ្វឺនលើកទី៥ ដែលមានសិក្ខាកាមអ៊ីរ៉ាក់ចំនួន២៧នាក់។ វគ្គហ្វឹកហ្វឺននេះ មានរយ:ពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្មវិធីហ្វឹកហ្វឺននេះប្រព្រឹត្តទៅនៅ វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនស៊ីម៉ាក់ (TIMA) កងឯកភាពកំចាត់មីនទី២ ខេត្តបាត់ដំបង សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនខេត្តសៀមរាប និងកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ។

ក្នុងរយៈពេលស្នាក់នៅកម្ពុជា មន្ត្រីអ៊ីរ៉ាក់បានកោតសសើរចំពោះមន្ត្រីជំនាញស៊ីម៉ាក់ ពាក់ព័ន្ធជំនាញហ្វឹកហ្វឺន។ ទាំងមន្ត្រីជំនាញស៊ីម៉ាក់ និងសិក្ខាកាមទាំងនោះ បានផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។

សូមជម្រាបថា ស៊ីម៉ាក់ធ្លាប់បានធ្វើការហ្វឹកហ្វឺនដូចគ្នានេះ ដល់ប្រទេសចំនួន១០ផ្សេងទៀតផងដែរ ហើយសម្រាប់ប្រទេសអ៊ីរ៉ាក់នេះដែរ ស៊ីម៉ាក់បានធ្វើការហ្វឹកហ្វឺនបានចំនួន៥វគ្គ ដែលមានសិក្ខាកាមចំនួន១៤១នាក់៕
(ប្រភព Fresh News)

You might also like More from author