ទូក​ដឹក​ភ្ញៀវ​ទេសចរ​១គ្រឿង លិច​ក្នុង​សមុទ្រ តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ

(ព្រះសីហនុ)៖ ទូកទេសចរ១គ្រឿង របស់ក្រុមហ៊ុន ដាលីធួរ បានលិចនៅក្នុងសមុទ្រ នៅទល់មុខឆ្នេរម្លប់ជ្រៃ ស្ថិតក្នុងក្រុងព្រះសីហនុ នៅម៉ោង៩យប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឱ្យប្រព័ន្ធផ្សព្វផ្សាយដឹងនៅថ្ងៃទី ១៧ ខែមិថុនានេះថា ទូកទេសចរណ៍ ១គ្រឿងដែលលិចនោះ បណ្តាលមកពីបញ្ហាបច្ចេកទេស គឺមិនជាប់ពាក់ ព័ន្ធបញ្ហាអាកាសធាតុនោះទេ។ ហេតុការណ៍នេះ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងផ្នែកខ្លះ នៃទូកដឹកភ្ញៀវ ទេសចរណ៍ ប៉ុន្តែមិនមានគ្រោះថ្នាក់ ឬប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។

ទោះជាយ៉ាងនេះក្តី លោក ណុប បញ្ញា បានក្រើនរំលឹកប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរឱ្យប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមសមុទ្រ ព្រោះថា រដូវនេះ ជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន មានខ្យល់បោកបក់ និងមាន រលកសមុទ្រធំៗ។ លោក បានអំពាវនាវដល់ក្រុមហ៊ុនទេសចរណ៍ដែលមានទូកដឹកភ្ញៀវទេសចរ និងអ្នកធ្វើ ដំណើរតាមផ្លូវសមុទ្រ ជាពិសេសភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមសមុទ្រ និងប្រជានេសាទជាដើមត្រូវបង្កើន ការប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់ខ្លួនឱ្យបានជាប្រចាំ។

ជាងនេះទៀត ប្រសិនបើសង្កេតឃើញថា នៅមូលដ្ឋានខេត្តព្រះសីហនុ កំពុងតែមានភ្លៀង ខ្យល់ និងរលកសមុទ្រ បោកបក់ខ្លាំង ជាពិសេសកុំធ្វើណើរតាមសមុទ្រឱ្យសោះ ដើម្បីការពារសុវត្ថិភាពនៅតាមក្រុមគ្រួសារនីមួយៗ៕

You might also like More from author