លោក ផែង វណ្ណៈ អស់​ក្របខណ្ឌ​យោធា ពេល​សាលក្រម​តុលាការ​ចូល​ជាស្ថាពរ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះថា លោក ផែង វណ្ណៈ ត្រូវនឹងបានបាត់បង់ក្របខណ្ឌយោធាតែម្តង ពេលមានសាលក្រមស្ថាពរពីតុលាការ។

លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោក ផែង វណ្ណៈ អស់ក្របខណ្ឌហើយ គឺត្រូវគិតចាប់តាំងពីលោក មានសាលក្រមស្ថាព»។ លោកបានបញ្ជាក់បន្តទៀតថា «តាមគោលការណ៍ យោធិនដែលមានទោសព្រហ្មទណ្ឌ គឺត្រូវតែដកហូតតួនាទី និងក្របខណ្ឌជាបណ្តោះអាសន្នសិន ដើម្បីឱ្យតុលាការស៊ីវិលអនុវត្តតាមនីតិវិធី ព្រោះថាគេមិនអាចយកយោធិនទៅកាត់ទោស ដោយមិនបានដកហូតតួនាទី និងការអនុញ្ញាតអង្គភាពសាមីបានទេ»

យោងតាមមាត្រា២៨ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ចែងថា អាចត្រូវតែងតាំងជានាយទាហានអាជីពបាន ចំពោះជនណាដែល៖ មានសញ្ជាតិខ្មែរ, មានលិខិតថ្កោលទោសដែលបញ្ជាក់ថាគ្មានទោស, មានសម្បទាតាមតម្រូវការដើម្បីបំពេញមុខងារ។ យោងតាមច្បាប់នេះអាចបង្ហាញយ៉ាងច្បាស់ថា លោក ផែង វណ្ណៈ មានលិខិតថ្កោលទោសដោយបញ្ជាក់ថា ធ្លាប់មានទោស ដូច្នេះមិនអាចធ្វើជាមន្ត្រីយោធាបានទៀតទេ។

បន្ទាប់ពីអនុវត្តទោសអស់រយៈពេល២ខែ ១៥ថ្ងៃ លោក ផែង វណ្ណៈ ក៏ត្រូវបានតុលាការដោះលែង ឱ្យមានសេរីភាពឡើងវិញផងដែរ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះ៕

You might also like More from author