បំផ្លាញ​រថយន្ត​ដឹក​ឈើ​ខុស​ច្បាប់​មួយ​ចំនួន​នៅ​ក្នុង​ព្រៃ ខណៈ​សំណុំ​រឿង​នៃ​ការ​ចាប់​ខ្លួន​ឧកញ៉ា ស៊ឹង សំអុល អាច​ផ្ទេរ​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ

(មណ្ឌលគិរី)៖ រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញ មកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។សម្រាប់រថយន្តល្មើសជាង ៤០គ្រឿងទៀត ដែលត្រូវបានបង្ក្រាប និងរឹបអូសផងដែរនោះ រង់ចាំការកាត់ចោល និងបំផ្លាញចោលនៅពេលក្រោយ។នេះតាមការអោយដឹងពីលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈ កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ។

ដោយឡែកសំណុំរឿងនៃការចាប់ខ្លួនលោកឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក៣នាក់ផ្សេងទៀត ដែលរងការចាប់ ខ្លួនផងដែរនោះ ត្រូវបានលោកឧត្តមសេនីយ៍អ្នកនាំពាក្យអះអាងថា អាចផ្ទេរមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។

សូមបញ្ជាក់ថា កាលពីម្សិលមិញ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស ៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង៤០គ្រឿងផងដែរ។

លោកឧត្តមសេនីយ៍ អេង ហ៊ី បានបញ្ជាក់ថា កន្លងទៅគណៈកម្មការជាតិ បានធ្វើការត្រួតពិនិត្យឃើញថា ទោះបីមានការផ្សព្វផ្សាយអប់រំ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយ នៅតែមានការលួចបន្លំកាប់ ឈើ ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ តាមគ្រប់មធ្យោបាយគ្រប់រូបភាព។

លោកបន្តថា ដើម្បីថែរក្សាបានព្រៃឈើគង់វង្ស គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធាន ធម្មជាតិ នឹងអនុវត្តវិធានការដូចក្រោម៖
*ទី១៖ បុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។
*ទី២៖ មធ្យោបាយ (រថយន្ត គោយន្ត ម៉ូតូ…) ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង៕

You might also like More from author