ចាប់​ខ្លួន​មេក្លោង​ជួញ​ដូរ​គ្រឿង​ញៀន ២នាក់​ប្តីប្រពន្ធ​ទើប​ចេញពី​គុកថ្មីៗ ដក​ហូត​ថ្នាំ ៥កញ្ចប់​ធំ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន២នាក់ប្ដី-ប្រពន្ធ ដែលជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារកាលពីពេលថ្មីៗនេះ ក្នុងករណីជួញដូរគ្រឿងញៀន ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន ៥កញ្ចប់ធំផងដែរ។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះល្វែងជួល ក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ប៉ិច ប៊ុនសេង ហៅម៉ាប់ អាយុ៣០ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀនចាស់ ដែលទើបតែចេញពីពន្ធនាគារ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ប្រពន្ធ សុខ ធាវី អាយុ៥០ឆ្នាំ។

លោក យឹម សារ៉ាន់ បានបន្តទៀតថា កម្លាំងជំនាញធ្វើការស៊ើប អង្កេតស្រាវជ្រាវ អស់រយៈពេល ៦ថ្ងៃ ទើបកំណត់មុខសញ្ញាច្បាស់លាស់ រួចក៏ឈានដល់បើកប្រតិបត្តិការចុះបង្ក្រាបភ្លាមៗតែម្ដង ដោយធ្វើការចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន ២នាក់ប្ដីប្រពន្ធ និងបានធ្វើការដកហូតថ្នាំញៀនចំនួន ៥កញ្ចប់ធំផងដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ, ពួកគេទើបតែចេញពីពន្ធនាគារនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងករណីដែលខ្លួនប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន និងបានទទួលស្គាល់ថា គ្រឿងញៀនចំនួន ៥កញ្ចប់ធំនេះ គឺជារបស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមទាំងគ្រឿងញៀន ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យសួរនាំ និងកសាងសុំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

You might also like More from author