ក្រសួង​មហាផ្ទៃ សម្រេច​លុប​ឈ្មោះ​ក្រុម​ហ៊ុន​ផ្ដល់​សេវា​សន្ដិសុខ​ឯកជន​ចំនួន ៣៣​ក្រុម​ហ៊ុន ដែល​ពុំមាន​សកម្មភាព​ផ្ដល់​សេវាកម្ម

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចលុបចោល ក្រុមហ៊ុនផ្ដល់សេវាសន្ដិឯកជនចំនួន ៣៣ក្រុមហ៊ុន ដែលបានប្រកាសក្ស័យធន និងពុំមានសកម្មភាពធ្វើ សេវាកម្ម។ នេះបើតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ដែលទទួលបាននៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវលើក្រុមហ៊ុន ផ្ដល់សេវាសន្ដិសុខឯកជនចំនួន ៣៣ក្រុមហ៊ុន ដែលបង្កើតភ្នាក់ងារសន្ដិសុខ ឯកជនធ្វើសេវាកម្ម ប៉ុន្ដែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពធ្វើសេវាកម្ម ដែលមិនស្របតាមគោលបំណង នៃមាត្រា១ ក្នុងអនុក្រឹត្យលេខ២៨៩ អនក្រ.បក ស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន។ ហេតុនេះក្រសួងមហាផ្ទៃ ត្រូវលុបឈ្មោះចេញពីការអនុញ្ញាតឲ្យក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចំនួន៣៣ក្រុមហ៊ុន»

សូមជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន សរុបចំនួន ២៥៤ក្រុមហ៊ុន (មិនទាន់ដកក្រុមហ៊ុន៣៣ ដែលលុបចោល)។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

លោកប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ទៀតថា អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងបណ្ដុះ បណ្ដាល និងបើកវគ្គបំប៉នជំនាញជាបន្ដបន្ទាប់ ដល់ភ្នាក់ងារសន្ដិសុខ ឯកជនទាំងអស់ ដើម្បីបង្កើនជំនាញ និងពង្រឹងសមត្ថភាព៕

You might also like More from author