ការ​ណែ​នាំ​អភិបាល​រាជធានី ខេត្ត ពង្រឹង​សន្តិសុខ សណ្តាប់​ធ្នាប់ ក្នុង​ពេល​ប្រលង​បាក់​ឌុប​ឆ្នាំ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គស្នងការ នគរបាលជាតិ អភិបាលរាជធានី ខេត្ត និងស្នងការនគរបាលរាជធានី ខេត្តទាំងអស់ ចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាឱ្យការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកាន់កាប់ប្រើប្រាស់ និងការទទួលពាក្យសុំប្រកាសទទួលស្គាល់ ជាជនបរទេសអន្តោប្រវេសន្ត និងប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះសម្តេចក្រឡាហោម បានប្រកាសឱ្យដឹងផងដែរថា បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះមានចំនួន សរុប ១១៩,២១៧នាក់ នារីជាង ៦ម៉ឺននាក់, បេក្ខជនមានពិការភាពមានចំនួន ៥នាក់។ បេក្ខជនប្រឡងនៅឆ្នាំនេះ កើនឡើងប្រមាណ ៥៨៥២នាក់ បើធៀបឆ្នាំ២០១៨។

សម្រាប់មណ្ឌលប្រឡងវិញមានចំនួន ២០២មណ្ឌល កើនឡើង៦មណ្ឌល បើធៀបឆ្នាំ២០១៨៕

You might also like More from author