សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា បាន​ចែក​រំលែក​នូវ​អនុសាសន៍​ចំនួន​៧​ចំណុច​ដល់ យុវជន​កាក​បាទ​ក្រហម​កម្ពុជា សាខា​រាជធានី​ភ្នំពេញ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ ខ្ពង់ខ្ពស់បូកសរុបលទ្ធផលការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅបន្តរបស់ យុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញប្រមាណ ៣,៨០០នាក់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវមោទនភាពផងដែរ ចំពោះលទ្ធផលការងារ និងទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាមួយនឹងក្តីសង្ឃឹមជឿជាក់ថា សាខានឹងបន្តយកចិត្តទុកដាក់ជំរុញបន្ថែមទៀតនូវការងារយុវជនកាកបាទក្រហម ឱ្យកាន់តែរឹងមាំ ខ្លាំងក្លា ដើម្បីឱ្យយុវជនក្លាយជាកម្លាំងបច្ចុប្បន្ន និង អនាគតរបស់កាកបាទក្រហមកម្ពុជា និងប្រទេសជាតិ។

នៅក្នុងបរិការណ៍កាកបាទក្រហមកម្ពុជា យុវជន គឺជា «ភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ ជាវិជ្ជមាននៅក្នុង សហគមន៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានចែករំលែកនូវអនុសាសន៍ចំនួន៧ផង ដែរ ដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមកាន់តែទូលំទូលាយ និង ធ្វើសកម្មភាពកាន់តែប្រសើរ ឡើង ប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលានៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ អនុសាសន៍ទាំង៧នោះរួមមាន៖

ទី១៖ ត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជា តាមលទ្ធភាពជាក់ស្តែងរបស់សាខា នីមួយៗ តាមរយៈការពង្រឹងសមត្ថភាពយុវជន ការផ្តល់ឱកាសស្វ័យភាពការគ្រប់គ្រងសកម្មភាពការងារ បណ្តុះបណ្តាលមុខជំនាញ ដើម្បីចូលរួមសកម្មភាពត្រៀមបង្ការទៅនឹងគ្រោះមហន្តរាយ ការផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ការបរិច្ចាគឈាម ការសម្អាតបរិស្ថាន និង ការដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើតបរិស្ថានឱ្យបានកាន់តែល្អប្រសើរ សម្រាប់សង្គមជាតិ ។

ទី២៖
ត្រូវរួមគ្នាបន្តពង្រឹងសកម្មភាព មិត្តអប់រំមិត្ត មិត្តជួយមិត្ត នៅគ្រប់ក្លិបយុវជនកាកបាទក្រហមកម្ពុជា តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់សិស្ស-និស្សិត ដែលមានជីវភាពលំបាកក្នុងការសិក្សា និង ការរស់នៅប្រចាំថ្ងៃ នៅតាមសាលា និង សាកលវិទ្យាល័យ ប្រកបដោយប្រសិទ្ធភាព ត្រូវរួមចំណែកផ្តល់ចំណេះដឹង ស្តីពី វិជ្ជាសង្គ្រោះបឋម ការថែទាំអនាម័យ និង សុខភាព ការការពារជំងឺឆ្លង ជំងឺមិនឆ្លងក្នុងសហគមន៍ ត្រូវជួយផ្សព្វផ្សាយអប់រំសុខភាពក្នុងគ្រាអាសន្ន នៅតាមសាខាទាំង២៥ រាជធានី-ខេត្ត ។

ទី៣៖
ត្រូវរួមគ្នាបន្តពង្រឹងយន្តការគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ដែលមានស្រាប់តាមរយៈការផ្តល់ បណ្ណសម្គាល់ខ្លួនដល់យុវជន និង ការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និង អន្តរជាតិ តាមរយៈការធ្វើទស្សន កិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ សិក្ខាសាលា វេទិកាយុវជន និងវគ្គបណ្តុះបណ្តាលនានា ដើម្បីធានាសុខដុម នីយកម្ម និង រឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងចំណោមយុវជនទាំងក្នុងក្របខណ្ឌជាតិ តំបន់ និង អន្តរជាតិ។

ទី៤៖ ត្រូវបន្តឱ្យមានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់យុវជន រួមទាំងការបន្តផ្សព្វផ្សាយនូវសេចក្តីណែនាំនានា របស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព និង ទូលំទូលាយដើម្បីងាយស្រួលក្នុងការបំពេញ សកម្មភាពមនុស្សធម៌ នៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

ទី៥៖ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ជាពិសេសការលើកទឹកចិត្តយុវជនឱ្យចូលរួមជាកម្លាំង ស្ម័គ្រចិត្ត ដើម្បីធានាបាននូវវឌ្ឍនភាព និងចីរភាពនៃកម្លាំងមនុស្សធម៌វ័យក្មេងសម្រាប់បន្តវេនក្នុងសកម្មភាពជួយ សហគមន៍ នៅគ្រប់រាជធានី-ខេត្ត។

ទី៦៖ ត្រូវបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងការចេះជួយគ្នាទៅវិញទៅមក ជាមួយអង្គការយុវជននានា និងបណ្តាញយុវជននៅគ្រប់ជំនាន់ ដោយមិនត្រូវមើលស្រាលអ្នកដទៃ និងការបែងចែកប្រកាន់បក្សពួក ដែលអាចធ្វើឱ្យបែកបាក់សាមគ្គីភាព នៅក្នុងចំណោមយុវជនកាកបាទក្រហមកម្ពុជា។

ទី៧៖ យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ក្មួយៗត្រូវផ្សារភ្ជាប់ចំណេះវិជ្ជារបស់ក្មួយៗ ដែលមានស្រាប់ទៅនឹងការអនុវត្ត និង ការសិក្សាជំនាញថ្មីៗ ដែលទើបទទួលបាន ដើម្បីក្មួយៗអាចជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងសហគមន៍ បានទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព៕

You might also like More from author