សមត្ថកិច្ច​បន្ត​ចាប់​រថយន្ត​ឡង់​គ្រីស័រ​ដឹក​ឈើ១​គ្រឿង​ទៀត ឈើ​ប្រគល់​ឱ្យមន្រ្តី​បរិស្ថាន​ចាត់​ចែង​តាម​ច្បាប់ នៅ​ខេត្ត​រតនគីរី

(រតនគិរី)៖ កម្លាំងបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ និងកម្លាំងយោធាសឹករងស្រុកអូរយ៉ាដាវ បានបន្តចាប់រថយន្ត ឡង់គ្រីស័រច្នៃ ១គ្រឿងទៀត គ្មានស្លាកលេខ លួចដឹកឈើត្រង់ចំណុចពាមអូរលាវ ស្ថិតក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប៉ុន្តែអ្នកដឹកបទល្មើសរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ថា ក្រោយពីចាប់រថយន្តដឹកបទល្មើសនោះ កម្លាំងបានធ្វើការត្រួតពិនិត្យឃើញឈើ ប្រភេទលេខ (ផ្ចឹក) ចំនួន៦ដុំស្មើ នឹង១,១២៥ម៉ែត្រគូប នាំយកទៅរក្សាទុកនៅទីស្នាក់ការចម្រុះចំណុចពាម អូរលាវ ដើម្បីឱ្យជំនាញបរិស្ថាន កសាងសំណុំរឿងចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី សុខ មីន ប្រាប់បន្តថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តរតនគិរី មធ្យោបាយដឹកជញ្ជូនបទល្មើស ឈើត្រូវដុតបំផ្លាញចោល នៅទីតាំងខាងលើ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកម្លាំងអាវុធហត្ថខេត្តរតនគិរី ដុតបំផ្លាញមធ្យោបាយដឹកជញ្ជួន ឈើខុសច្បាប់ ដោយលើកទី១ នៅព្រលប់ថ្ងៃទី១២ ខែកក្កដា (រថយន្តឡង់គ្រីស័រច្នៃ២គ្រឿង), លើកទី២-ថ្ងៃទី១៨ ខែកក្កដា (រថយន្តឡង់គ្រីស័រ១គ្រឿង) និងនៅវេលាម៉ោង១៦៖00នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១ (រថយន្តឡង់គ្រីស័រច្នៃ១គ្រឿង) ដូច្នេះសរុបបាន០៣គ្រឿងហើយ៕

You might also like More from author