តុលាការ សម្រេចឲ្យស្ត្រីម្នាក់ លែងលះប្តីព្រោះតែបុរសនោះ មិនព្រម្យសង់បង្គន់អនាម័យក្នុងផ្ទះ

(ឥណ្ឌា)៖ ស្ត្រីម្នាក់បានបង្ខំចិត្តដើរទៅបន្ទោរបង់នៅឯទីវាលមួយជិតបរិវេណផ្ទះរបស់នាងរាល់ថ្ងៃ ដោយសារតែក្នុងផ្ទះរបស់ខ្លួនគ្មានបង្គន់ប្រើប្រាស់ ហើយស្វាមីរបស់នាងពុំអនុញ្ញាតឲ្យសាងសង់វាឡើយ។

រឿងហេតុស្មានមិនដល់នេះ បានកើតឡើងនៅ Bhilwara ទឹកដីឥណ្ឌា ស្ត្រីជាប្រពន្ធរូបនេះបាននិយាយថា នាងបានសុំស្វាមីឲ្យសាង សង់បង្គន់ក្នុងផ្ទះតែគេមិនព្រម ក្រោយមកនាងក៏សម្រេចចិត្តប្តឹងលែងលះហើយតុលាការ ក៏ព្រមតាមសំណូមពរព្រោះតែស្វាមីនាងបដិសេធមិនឲ្យសង់បង្គន់អនាម័យ។

នៅក្នុងបណ្តឹងសុំលែងលះ ស្ត្រីជាប្រពន្ធបញ្ជាក់ថា នាងរងភាពអាម៉ាស់ស្ទើររាល់ថ្ងៃព្រោះត្រូវរង់ចាំពេលព្រលប់ទើបចេញទៅបត់ជើងហើយទោះបីខំព្យាយាម លួងស្វាមីឲ្យសង់បង្គន់អនាម័យក្នុងផ្ទះទុកប្រើប្រាស់យ៉ាងណាក៏គេមិនព្រមដោយនិយាយថា នាងមិនគួរចេះដឹងអ្វីលើសពីអ្នកផ្សេងទេហើយក៏មិនដែលលឺចង់បានវាដែរ មុនពេលរៀបការ។

បន្ទាប់ពីពិនិត្យមើលលើសំណូមពរក្នុងបណ្តឹងសុំលែងរួចមក ចៅក្រមក៏សម្រេចឲ្យស្ត្រីជាប្រពន្ធឈ្នះករណីនេះដោយចោទបុរសជាប្តីថាប្រព្រឹត្តទង្វើឃោរឃៅដែលអោយភរិយាទៅបន្ទោរបង់ពាសវាលពាសកាលហើយចំណាយលុយតែទៅលើវត្ថុមានតម្លៃផ្សេងៗ មិនគិតសង់បង្គន់ក្នុងផ្ទះ៕

You might also like More from author