ហួសចិត្ត! បុរសជប៉ុន​ដុត​ផ្ទះ​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​ប្រពន្ធ និង​កូន ០៥នាក់ រួច​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស!

(តូក្យូ)៖ មនុស្ស ០៦នាក់ ក្នុងនោះមានកុមារ ០៥នាក់ និងស្ត្រីម្នាក់បានស្លាប់ នៅក្នុងអគ្គិភ័យឆាបឆេះអគារមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសជប៉ុន នៅព្រឹក ថ្ងៃសុក្រនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន បានឱ្យដឹងទៀតថា អគ្គិភ័យនេះបានឆាបឆេះអគារមួយមានកម្ពស់ ៣ជាន់ ស្ថិតនៅទីក្រុង ហ៊ីតាឈី (Hitachi) នៃខេត្ត អ៊ីបារ៉ាគិ (Ibaraki) នៅម៉ោងប្រមាណជា ៤៖៥០នាទីព្រឹក ហើយត្រូវបានពន្លត់ដោយក្រុមពន្លត់អគ្គិភ័យ នៅម៉ោង ៥៖៥០នាទីព្រឹក។ ក៏ប៉ុន្តែទន្ទឹមគ្នា ប៉ូលិសនៅក្នុងតំបន់ក៏បានអះអាងដែរថា អគ្គិភ័យនេះបង្កឡើងដោយបុរសម្នាក់ ដែលបានមក សារភាពនៅចំពោះមុខប៉ូលិស ដូច្នេះថា «ខ្ញុំបានដុតផ្ទះរបស់ខ្លួនឯង នៅពេលប្រពន្ធ និងកូនទំាង ០៥នាក់ របស់ខ្ញុំនៅក្នុងផ្ទះ»។

យ៉ាងណាក៏ដោយ មូលហេតុដែលនាំឱ្យបុរសរូបនេះដុតផ្ទះរបស់ខ្លួន មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈប៉ូលិសជឿជាក់ថា មនុស្សដែលបានស្លាប់មានស្ត្រីម្នាក់ និងក្មេងប្រុសមានអាយុចន្លោះពី ០៣ឆ្នាំ ទៅ០៦ឆ្នាំចំនួន ០៤នាក់ រួមទាំងក្មេងស្រីម្នាក់មានអាយុ ១១ឆ្នាំ៕

You might also like More from author