CEO ក្រុមហ៊ុន Yahoo នឹង​លាលែង​ពី​តំណែង​​ បន្ទាប់​ពី​លក់​ក្រុមហ៊ុន​​ទៅ​ឲ្យ​ក្រុមហ៊ុន Verizon ​ហើយ​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា Altaba

(អាមេរិក)៖ ក្រុមហ៊ុន Yahoo Inc បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួននឹងប្តូរឈ្មោះទៅជា «Altaba Inc» ហើយ CEO (នាយកប្រតិបត្តិ) របស់ក្រុមហ៊ុន គឺលោកស្រី Marissa Mayer នឹងលាលែងពីតំណែង បន្ទាប់ពីក្រុមហ៊ុនដ៏ធំមួយនេះ សម្រេចកិច្ចព្រមព្រៀង ក្នុងលក់ជាស្ថាពរ ទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍ Verizon Communications Inc។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាក្រុមហ៊ុន Yahoo មានកិច្ចព្រមព្រៀងមួយ ដើម្បីលក់មុខជំនួញស្នូល តាមរយៈប្រព័ន្ធអ៊ីនធឺណែតរបស់ខ្លួន ដែលមានរួមបញ្ចូលទាំង ការផ្សព្វផ្សាយពាណិជ្ជកម្ម និងសារអេឡិចត្រូនិច ទៅឲ្យក្រុមហ៊ុន Verizon ក្នុងតម្លៃ ៤.៨៣ពាន់លានដុល្លារ ហើយ Yahoo បានអះអាងថា ការលាលែងពីតំណែង របស់លោកស្រី Marissa Mayer ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួនទៀត មិនត្រូវបានធ្វើឡើង ដោយសារតែការខ្វែងគំនិតគ្នាណាមួយ ជាមួយនឹងក្រុមហ៊ុន លើបញ្ហាពាក់ព័ន្ធនឹងប្រតិបត្តិការ, គោលការណ៍, និងការអនុវត្តន៍ របស់ក្រុមហ៊ុននោះឡើយ៕

You might also like More from author