ឲ្យហេតុ! តៃវ៉ាន់​បញ្ជូន​យន្តហោះ​ចម្បាំង និង​កងទ័ព​​ជើងទឹក ទៅ​តាម​ដាន​​នាវា​ផ្ទុក​​​យន្តហោះ​ចម្បាំង​​ដ៏ធំ​របស់​ចិន ដែល​ចល័ត​​មកកាន់​ច្រក​​សមុទ្រ​តៃវ៉ាន់!

- Advertisement -

(តៃប៉ិ)៖ ភាពតានតឹងខ្លាំងរវាងតៃវ៉ាន់ និងចិនបានកក្រើកឡើងវិញនៅថ្ងៃពុធនេះ ខណៈដែលកងទ័ពជើងទឹកនិងកងយន្តហោះចម្បាំង នៃកោះតៃវ៉ាន់ បានទទួលបញ្ជាឲ្យចេញ ប្រតិបត្តិការឃ្លាំមើល ក៏ព្រោះតែនាវាដឹក យន្តហោះចម្បាំងដ៏ធំ របស់ប្រទេសចិន បានចល័តទៅទិសខាងជើង ឆ្លងកាត់តាមច្រកសមុទ្រ នៃកោះតៃវ៉ាន់។ នេះបើតាមសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

ជុំវិញព័ត៌មាននេះ កន្លងមកភាគីចិនធ្លាប់បានអះអាង រួចមកហើយថា នាវាដឹកយន្តហោះចម្បាំង Liaoning បានត្រឡប់មកពី ធ្វើសមយុទ្ធយោធា នៅសមុទ្រចិនខាងត្បូង ហើយមិនបានធ្វើការឆ្លងចូល អធិបតេយ្យភាពដែនទឹក របស់កោះតៃវ៉ាន់នោះហើយ។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ កោះតៃវ៉ាន់ បានសម្រេចបញ្ជូន កងយន្តហោះចម្បាំង និងនាវាកងទ័ពទៅឃ្លាំមើល សកម្មភាពរបស់នាវាចិន នៅជិតខ្សែបន្ទាត់បែងចែក ដែនទឹកដ៏ស្តួចស្តើង រវាងចិន និងតៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការពារជាតិកោះតៃវ៉ាន់ លោក Chen Chung-chi បានលើកឡើង ជុំវិញបញ្ហាខាងលើនេះយ៉ាងដូច្នេះថា «យើងអាចក្តោបក្តាប់ស្ថានការណ៍ បានយ៉ាងពេញលេញ ចំពោះការវិវឌ្ឍន៍ចលនានេះ។ យើងបានបញ្ជូនកងនាវាចម្បាំង និងកងទ័ពជើងទឹក ទៅធ្វើការតាមដាន សកម្មភាពរបស់នាវាចិននោះហើយ»។ ប្រទេសចិនបានបញ្ជាក់ ជុំវិញបញ្ហានេះទៀតថា នាវា Liaoning បានចេញប្រតិបត្តិការ សមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបង្កើនសមត្ថភាព នៅសមុទ្រចិនខាងត្បូង ហើយខ្លួនធ្វើនេះ ស្របទៅតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថាលោក ត្សៃ អ៊ីងវិន ប្រធានាធិបតីកោះតៃវ៉ាន់ ដែលមានទំនោរទាមទារ ឯករាជ្យភាពពីចិននោះ កំពុងតែធ្វើធ្វើទស្សនកិច្ច នៅបណ្តាប្រទេស នៃតំបន់អាមេរិកកណ្តាលមួយចំនួន ដែលជាសម្ព័ន្ធមិត្តកោះតៃវ៉ាន់ ហើយក្នុងនោះលោកស្រី ក៏បានឆ្លងកាត់សហរដ្ឋអាមេរិក និងបានជួបពិភាក្សា ជាមួយមន្ត្រីអាមេរិកមួយចំនួនថែមទៀតផង ដែលជាហេតុធ្វើឲ្យទីក្រុងប៉េកាំង ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង៕

You might also like More from author