ហ្វីលីពីន​​ចង់​អនុវត្ត​ច្បាប់​អាជ្ញាសឹក​ឡើងវិញ ដូច​កាល​សម័យ​​មេដឹកនាំ​ផ្តាច់ការ ប៉ុន្តែ​ប្រជាជន​ភាគ​ច្រើន​ជំទាស់!

- Advertisement -

(ម៉ានីល)៖ ប្រទេសហ្វីលីពីនមានបំណង ចង់ដាក់ឲ្យអនុវត្តន៍នូវច្បាប់ អាជ្ញាសឹកឡើងវិញ ដូចកាលពីសម័យមេដឹកនាំផ្តាច់ការ លោក Ferdinand Marcos ប៉ុន្តែប្រជាជនហ្វីលីពីនភាគច្រើន បានជំទាស់ ដោយពួកគេយល់ឃើញថា វាពុំមានភាពចាំបាច់នោះឡើយ ក្នុងការប្រើប្រាស់ច្បាប់អាជ្ញាសឹក នាពេលនេះ ដើម្បីដោះស្រាយវិបត្តិជាច្រើន ដែលកំពុងកើតឡើង នៅក្នុងប្រទេស។ នេះបើយោងតាមការស្ទង់មតិមួយ នៅពេលថ្មីៗនេះ ដែលចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

ការស្ទង់មតិមួយ ដោយវិទ្យាស្ថានស្រាវជ្រាវ Pulse Asia បានឲ្យដឹងថា ជនជាតិហ្វីលីពីន ៧៤ភាគរយ ក្នុងចំណោម ១,២០០នាក់ ដែលបានចូលរួមការស្ទង់មតិ កាលពីខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ បានបដិសេធ ចំពោះទស្សនៈ ដែលថាការអនុវត្តន៍ច្បាប់អាជ្ញាសឹកឡើងវិញ ប្រហែលជាមានសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាជាច្រើនប្រភេទ ដែលប្រទេសនៅតំបន់ អាស៊ីអាគ្នេយ៍មួយនេះកំពុងប្រឈម។

ដោយឡែកមានត្រឹមតែប្រជាជន ១២ភាគរយ ប៉ុណ្ណោះ ដែលបានយល់ស្រប ចំពោះភាពចាំបាច់ នៃច្បាប់អាជ្ញាសឹក នៅក្នុងប្រទេស នាពេលបច្ចុប្បន្ន ខណៈប្រជាជនហ្វីលីពីន ១៤ភាគរយ ផ្សេងទៀត បានបង្ហាញពីការរួញរា ចំពោះបញ្ហានេះ។

វិទ្យាស្ថានខាងលើបានបញ្ជាក់ទៀតថា «ការស្ទង់មតិនេះ គឺជាការស្តែងឲ្យឃើញជារួម ពីទស្សនៈរបស់មនុស្ស គ្រប់ជាន់ថ្នាក់ មិនថាតូចឬធំ ទាំងប្រុសនិងស្រី ដែលស្ថិតនៅគ្រប់ក្រុមអាយុទាំងអស់ ហើយរស់នៅគ្រប់តំបន់ ទូទាំងប្រទេសហ្វីលីពីន ខណៈការជំទាស់ភាគច្រើន គឺនៅក្នុងចំណោម អ្នករស់នៅក្នុងរដ្ឋធានីម៉ានីល»

គួរបញ្ជាក់ថា អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន លោកប្រធានាធិបតី Ferdinand Marcos បានដាក់ចេញនូវការអនុវត្តន៍ ច្បាប់អាជ្ញាសឹក កាលពីខែកញ្ញា ឆ្នាំ១៩៧២ ហើយត្រូវបានបង្ខំឲ្យដកចេញវិញ កាលពីខែមករា ឆ្នាំ១៩៨១ បន្ទាប់ពីបានទទួលរងការរិះគន់ធ្ងន់ៗ ពីសំណាក់សហគមន៍អន្តរជាតិ៕

You might also like More from author