​រដ្ឋាភិបាល​ជប៉ុន កំ​ពុង​រៀប​ចំ​កែ​​សម្រួល​ច្បាប់ ​​នឹង​​អាច​អនុញ្ញាត​​ឲ្យ​ព្រះ​ចៅ​​អធិរាជ អាគីហ៊ីតុ ដាក់​រាជ្យ​នៅ​ឆ្នាំ​២០១៩

- Advertisement -

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបាននិងកំពុងរៀបចំ សេចក្ដីព្រាងច្បាប់មួយ សំដៅអនុញ្ញាតឲ្យព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) ដាក់រាជ្យថ្វាយព្រះរាជ្យបុត្ររបស់ទ្រង់ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ (Naruhito) នៅរយៈពេលពីរឆ្នាំខាងមុខនេះ ហើយបើសិនជារឿងនេះកើតឡើងមែន វាមានន័យថា នឹងក្លាយជាលើកដំបូងបំផុត ក្នុងរយៈពេលជាង ២០០ឆ្នាំមកនេះ ដែលព្រះចៅអធិរាជជប៉ុនដាក់រាជ្យ ខណៈច្បាប់រដ្ឋធម្មនុញ្ញបច្ចុប្បន្ន មិនបានអនុញ្ញាតឲ្យទ្រង់ដាក់រាជ្យនោះទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

កាលពីខែសីហា ឆ្នាំ២០១៦ ព្រះចៅអធិរាជ អាគីហ៊ីតុ ដែលមានព្រះជន្ម ៨៣ព្រះវស្សាទៅហើយ និងធ្លាប់ទទួលបានការវះកាត់ជំងឺបេះដូង ព្រមទាំងព្យាបាលជំងឺមហារីកក្រពេញប្រូស្ដាត បានថ្លែងពីព្រះរាជបំណង ចង់ដាក់រាជ្យក្រោមហេតុផលព្រួយបារម្ភខ្លាចក្រែង ព្រះរាជសុខភាពទ្រុឌទ្រោមរបស់ទ្រង់ ធ្វើឲ្យប៉ះពាល់ដល់រាជ្យកិច្ច។

បន្ថែមពីនេះប្រព័ន្ធផ្សព្វផ្សាយនានា នៅជប៉ុនរួមទំាងសារព័ត៌មាន Nikkei ផងដែរបានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនកំពុងរៀបចំសេចក្ដីព្រាងច្បាប់មួយ សំដៅអនុញ្ញាតឲ្យព្រះចៅអធិរាជ អាគីហ៊ីតុ ដាក់រាជ្យថ្វាយព្រះរាជ្យបុត្រ ណារុហ៊ីតុ (Naruhito) មានព្រះជន្ម ៥៦ព្រះវស្សានៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែបើតាមប្រភពមួយចំនួនទៀត ព្រះចៅអធិរាជអាចនឹងដាក់រាជ្យនៅថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឬក៏នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងតូក្យូ តាមរយៈអ្នកនាំពាក្យ លោក យូស៊ីហ៊ិដិ ស៊ូហ្គា បានបដិសេធមិនធ្វើការអាត្ថាធិប្បាយ ជុំវិញរឿងរ៉ាវដ៏រសើបនេះឡើយ ដោយបញ្ជាក់ថា លោកមិនទាន់បានដឹងពីការវិវត្តន៍ ជុំវិញការលើកឡើងនេះនៅឡើយទេ ដោយសារតែរឿងនេះកំពុងស្ថិតនៅក្រោមការពិភាក្សា។

គួរបញ្ជាក់ថា ព្រះចៅអធិរាជ អាគីហ៊ីតុ បានឡើងគ្រងរាជ្យនៅឆ្នាំ១៩៨៩ បន្ទាប់ពីព្រះបិតាទ្រង់ព្រះនាម ហ៊ីរ៉ូហ៊ីតុ (Hirohito) ដែលជាព្រះចៅអធិរាជជប៉ុន ដែលបានសោយរាជ្យតាំងពីក្នុងអំឡុងសម័យសង្រ្គាម លោកលើកទី២ បានចូលទិវង្គត៕

You might also like More from author