ទីបំផុតបក្សថៃរក្សាជាតិ​សម្រេចតាម​បំណង​ព្រះមហាក្សត្រ ដោយដកព្រះនាង​ម្ចាស់ Ubolratana ចេញពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់បក្ស

(បាងកក)៖ គណបក្សថៃរក្សាជាតិ បានសម្រេចគោរពតាមព្រះរាជបញ្ជារបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលបានហាមឃាត់មិនឲ្យព្រះរាមរបស់ទ្រង់ គឺព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតនាខែក្រោយ។ នេះបើតាមសេចក្តីថ្លែងការណ៍ផ្ទាល់របស់គណបក្សថៃរក្សាជាតិ ដកស្រង់ខ្លឹមសារដោយសារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩។

គណបក្សថៃរក្សាជាតិ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «គណបក្សបានសម្រេចទទួលយកព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ ជាមួយភក្តីភាពពេញទំហឹងចំពោះព្រះអង្គ និងចំពោះសែរាជវង្សទាំងមូល» ហើយសេចក្តីថ្លែងការណ៍នេះក៏បានសម្តែងការអរព្រះគុណចំពោះព្រះនាងម្ចាស់ Ubolratana ដែលបានទទួលយកការអញ្ជើញឲ្យឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី តែមួយគត់របស់បក្សផងដែរ កាលពីម្សិលមិញ។

គួរជម្រាបថា កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានហៅទង្វើរបស់ព្រះរាមរបស់ព្រះអង្គថា «មិនសាកសម និងបំផ្លាញវប្បធម៌ជាតិ…។ ទោះបីព្រះនាងបានបោះបង់ចោលតំណែង ក្នុងជួររាជវង្សជាលាយលក្ខណ៍អក្សរក៏ដោយ ក៏ព្រះនាងនៅតែរក្សាឋានៈរបស់ព្រះនាង ក្នុងនាមជាសមាជិកសែរាជវង្សចក្រីដដែល»។

ព្រះនាងម្ចាស់ Ubolratana Rajakanya គឺជាបុត្រីច្បងនៃអតីតព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និងម្ចាស់ក្សត្រី សិរីគិត (Sirikit)។ ប៉ុន្តែព្រះនាងបានបោះបង់ចោលតួនាទីជារាជ្យវង្សរបស់ខ្លួន កាលពីឆ្នាំ១៩៧២ ដើម្បីទៅរៀបការជាមួយជនជាតិអាមេរិកម្នាក់ឈ្មោះ ភីធើ ឡេដ ហ្សិនសិន (Peter Ladd Jensen) ដែលវាមានន័យថា ព្រះនាងគ្មានសិទ្ធិនៅក្នុងការទទួលរាជសម្បត្តិនោះឡើយ។

ព្រះនាងម្ចាស់ Ubolratana ត្រូវគេមើលឃើញថាជា បេក្ខភាពប្រកបដោយសក្តានុពលមួយរូប ដែលអាចមានឱកាសខ្ពស់ក្នុងការប្រកួតប្រជែងតំណែងនាយករដ្ឋមន្រ្តីថៃជាមួយ លោក ប្រាយុទ្ធ ចាន់អូចា នៅក្នុងការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា៕

You might also like More from author