ក្រុមហ៑ុន សេងហាន ចែកអំណោយសន្ធឹកសន្ធាប់ នៅវត្តអង្គព្រលឹង ក្នុងឱកាសដាក់បិណ្ឌ

(កំពង់ស្ពឺ)៖ លោក យ៉ន សេងហាន អគ្គនាយក្រុមហ៑ុនសេងហាន បានដឹកនាំបុគ្គលិក និង សមាជិក យ៉ាងច្រើនកុុះករ ទៅធ្វើបុណ្យរាប់បាត្រក្នុងបិណ្ឌទី៩ នៅវត្តអង្គព្រលឹង ស្ថិតនៅខាងក្រោយផ្សារបាត់ដឹង តាមបណ្ដោយផ្លូវជាតិ៥១ ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនោះ ក៏មានការប្រគល់អំណោយជូននូវអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ពលរដ្ឋខ្វះខាតចំនួនជិត១០០គ្រួសារផងដែរ ខណៈផ្លូវចូលបរិវេណវត្តប្រមាណជាង៥គីឡូ ក៏ត្រូវគេដឹងថាក្រុមហ៑ុនមួយនេះ ទើបតែធ្វើការឈូសឆាយជូនពលរដ្ឋធ្វើដំណើរ។

លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៑ុន សេងហាន បានអះអាងថា លោកសម្រេចដឹកនាំក្រុមការងារទៅធ្វើបុណ្យនៅក្នុងវត្តនោះ ហើយបានរៀបចំជាអំណោយជូនដល់គ្រួសារក្រីក្រចំនួន៣ភូមិស្មើនឹង៧៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១បេ មី១កេះ ត្រីខ១យួរ ក្រម៉ា១ សារ៉ុង១ត្រពាំងថ្ម និងថវិកាមួយចំនួន។ នេះជាការចែករំលែកក្ដីស្រលាញ់ ដែលលោកតែងតែដឹកនាំក្រុមការងារឲ្យរួមគ្នាធ្វើទាន ខណៈដែលការចែកអំំណោយជូនដល់ពលរដ្ឋខ្វះខាតនេះ គឺលោក និងក្រុមការងារ ធ្វើឡើងជាច្រើនលើកមកហើយ។ លោកក៏បានប្រកាសថានឹងបន្តជួយដល់ភូមិទាំង៣ អាស្រ័យទៅតាមលទ្ធភាពជាក់ស្ដែងបន្តបន្ទាប់ទៀត ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។

លោក រ៉ាយ អាប់ ប្រធានភូមិ ដំបូកស បានអះអាងថា សកម្មភាពចុះចែកអំណោយរបស់ក្រុមហ៑ុនសេងហាន គឺជាការគិតគូរសម្រួលដល់ការលំបាករបស់ពលរដ្ឋក្នុងភូមិរបស់លោក គួរអោយសរសើរ ដោយលោកក៏បន្តស្នើអោយមានសកម្មភាពបែបនេះ អោយបានកាន់តែច្រើនតាមតែអាចធ្វើទៅបាន ដើម្បីសម្រួលកង្វះខាតរបស់ពលរដ្ឋក្រីក្រក្នុងភូមិដំបូកសទាំងមូល។

មិនខុសគ្នាដែរ លោក ផុន ស៊ីម មេភូមិចាន់សែន បានអះអាងថា តាំងពីមានវត្តមានរបស់ក្រុមហ៑ុនសេងហាននៅក្នុងតំបន់របស់លោក មិនត្រឹមតែធ្វើអោយដីធ្លីក្នុងតំបន់របស់លោកមានសភាពកម្រើកឡើងប៉ុណ្ណោះទេ សូម្បីតែការធ្វើដំណើររបស់ប្រជាជនក្នុងភូមិក៏មានភាពប្រសើរឡើងផងដែរ ជាពិសេសចាប់តាំងពីក្រុមហ៑ុនមួយនេះ ចំណាយថវិកាឈូសឆាយពង្រីក និងជួសជុលផ្លូវធ្វើអោយកន្លែងដែលធ្លាប់តែភក់ជ្រាំនៅរដូវធ្លាក់ភ្លៀង អាចធ្វើដំណើរបានស្រួល។ លោកសម្ដែងអារម្មណ៍សប្បាយចិត្ត ដែលក្រុមហ៑ុនសេងហានបានរួមចំណែកអភិវឌ្ឍន៍នៅក្នុងសហគមរបស់លោក ជាពិសេសគឺបានទាំងផ្ដល់ជាអំណោយជូនដល់អ្នកភូមិក្នុងឱកាសមុនភ្ជុំបែបនេះ៕

You might also like More from author