តុលាការរាជធានីភ្នំពេញ នឹងបន្តសាកសួរបុរសម្នាក់នៅថ្ងៃស្អែក ពាក់ព័ន្ធរឿងលួចដីគេលក់ នៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ បន្ទាប់ពីសាកសួរអស់ជាច្រើនលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ បានសម្រេចផ្ញើជនសង្ស័យម្នាក់ នៅនឹងសមត្ថកិច្ចដើម្បីបន្តនីតិវិធីនាព្រឹកស្អែក។

បើតាមសមត្ថកិច្ចជនសង្ស័យឈ្មោះ ពូន ធាន អាយុ៦៣ឆ្នាំ មានទីលំនៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យត្រូវកម្លាំងនគរបាលកងអន្តរាគមន៍ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីលួចដីអ្នកដទៃលក់។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឹង ជីងឆាយ ភេទប្រុស អាយុ៥៦ឆ្នាំ និងឈ្មោះ ឆាយ មុយហ្វុង ភេទស្រី អាយុ៥២ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ដើមបណ្តឹងបានអះអាងថា កាលពីអំឡុង ខែមីនា ឆ្នាំ២០០៨ ខ្លួនបានទិញដីចំការ ទំហំ១៧,៥៥០ម៉ែត្រការ៉េ មានទីតាំងភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ពីម្ចាស់ឈ្មោះ លី គីមសុង ភេទប្រុស និងមានប្រពន្ធឈ្មោះ ស៊ូ ខេង។ លុះដល់ឆ្នាំ២០១៨ នៅដែលខ្លួនទៅមើលដីស្រាប់តែមានគេធ្វើរបងព័ទ្ធយកដីរបស់ខ្លួន ដោយអះអាងថា បានទិញពីឈ្មោះ ពូន ធាន។

ក្រោយស្រាវជ្រាវ ទើបដឹងថាឈ្មោះ ពូន ធាន បានក្លែងបន្លំ ឯកសារលួចលក់ដីរបស់ពួកខ្លួនឲ្យទៅអ្នកផ្សេងទៀត ទើបពួកខ្លួនរៀបចំពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕

You might also like More from author