ដកបញ្ឈរជើង នគរបាលព្រំដែនលេខ២០៣ ចំនួន ៤នាក់ក្រោយជនជាតិវៀតណាម១២នាក់ចូលមកឈូសឆាយដីនៅកម្ពុជា

(រតនគិរី)៖ ក្រោយពីជនជាតិវៀតណាម ១២នាក់ នាំគ្រឿងចក្រអាប៊ុលD៦០ ចំនួន៦គ្រឿងចូលឈូសឆាយដីខ្មែរដោយខុសច្បាប់ នៅចំណុចអូរតាយ៉ាក «ឧទ្យានជាតិវរជ័យ» ស្ថិតក្នុងឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី មន្ត្រីនគរបាលប៉ុស្តិ៍ការពារព្រំដែនលេខ២០៣ ចំនួន ៤នាក់ ត្រូវបានដកបញ្ឈរជើង។

មន្ត្រីនគរបាល៤រូបដែលដកបញ្ឈរជើងនេះរួមមាន៖ អនុសេនីយ៍ឯក ហួង ភួង, អនុសេនីយ៍ត្រី តឺ ចាយ ប្រធាន និងអនុប្រធានប៉ុស្តិ៍កន្ទុយនាគ, អនុសេនីយ៍ឯក ប្រជូ ព្រៀវ ប្រធានប៉ុស្តិ៍អូរតាយ៉ាក និងអនុសេនីយ៍ឯក ភឿន អ៉ីន ប្រធានប៉ុស្តិ៍អូរយ៉ើល។

ទាក់ទិនទៅនឹងការដកមន្ត្រីនគរបាលប៉ុស្តិ៍ព្រំដែនខាងលើស្របពេលផ្ទុះរឿងជនជាតិវៀតណាមឆ្លងមកឈូសឆាយដីខ្មែរដោយងាយស្រួលនេះ លោកវរសេនីយ៍ ថេង ចន្ធី មេវរការពារព្រំដែនលេខ២០៣ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះថា ពួកគាត់ពុំត្រូវបានថ្នាក់លើដកបញ្ឃរជើងនោះទេ ពោលគឺពួកគាត់សុំឈប់សម្រាក ព្រោះមានបញ្ហាសុខភាព។

បើទោះបីជាយ៉ាងមានប្រភពលើកឡើងថា រឿងរ៉ាវទាំងអស់នេះ នឹងត្រូវលាតត្រដាងនៅពេលសមត្ថកិច្ចថ្នាក់លើ ចុះស៊ើបអង្កេតព្រោះថា គ្រឿងចក្រធំៗ ជនជាតិវៀតណាមចំនួន១២នាក់ បើគ្មានការបើកភ្លើងខៀវពីមេៗយោធា, នគរបាលការពារព្រំដែនទេ ពិតជាមិនអាចចូលដីខ្មែរដោយរលួនទេ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ជនជាតិវៀតណាមចំនួន១២នាក់ ត្រូវបានចៅក្រមតុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារភ្នំស្វាយ ខេត្តរតនគិរី។

ជាមួយនឹងការឃុំខ្លួនជនជាតិវៀតណាមខាងលើ និងការដកមន្ត្រីនគរបាលការពារព្រំដែននេះដែរ មជ្ឍដ្ឋានប្រជាពលរដ្ឋ និងមន្ត្រីរាជការមានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យថ្នាក់លើស្រាវជ្រាវរកមេខ្លោង នៅពីក្រោយខ្នងដែលយកគ្រឿងចក្រ និងជនជាតិវៀតណាម ចូលមកឈូសឆាយដីព្រៃឈើ នៅតំបន់ឧទ្យានជាតិវរជ័យ មកផ្តន្ទាទោសតាមច្បាប់៕

You might also like More from author