ជយលាភីសម្រស់​ឯកវាយន​ភណ្ឌទាំងពីររូបបង្ហើបថា បើផលិតករផ្តល់ឱកាសឲ្យសម្តែង ខ្លួននឹងខំឱ្យអស់ពីសមត្ថភាព ទោះតួកាចឬស្លូតក៏ដោយ

(ភ្នំពេញ)៖ តាមរយៈការបង្ហាញវត្តមានជាលើកដំបូងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» ម្ចាស់ជយលាភីសម្រស់ឯកវាយនភណ្ឌទាំងពីរូប គឺកញ្ញា យ៉ុន កាន់ទីម៉ា និង លោក លឿង វិសាល បានបង្ហាញនូវជំហរក្នុងការឈានជើងចូលក្នុងវិស័យសិល្បៈជាច្រើន តែយ៉ាងណាអ្នកទាំងពីរថា ទោះខ្លួនប្រឡូកក្នុងវិស័យសិល្បៈ ក៏មិនបោះបង់ចោលការងារកាត់ដេរ ដែលជាឆ្នាំងបាយរបស់ខ្លួនតាំងពីដើមនោះទេ។ តារាប្រុសស្រីពន្លកថ្មីទាំងពីរបានបង្ហើបថា បើមានបណ្តាផលិតករណា ដែលចាប់អារម្មណ៍ និងផ្តល់ឱកាសឱ្យសម្តែង អ្នកទាំងពីរនាងទទួល ហើយខំធ្វើឲ្យអស់ពីសមត្ថភាព ទោះបីជាត្រូវសម្តែងជាតួកាច ឆ្នាស់ឆ្នើមក្តី។

តាមរយៈការសាកសួររបស់ពិធីករ-ពិធីការិនីក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» តារាពន្លកថ្មី ដែលកើតចេញពីការប្រកួតក្នុងកម្មវិធី សម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៩ បានប្រកាន់នូវជំហររៀងៗខ្លួន ខណៈដែលកំពុងចាប់ឱកាសបោះជំហានចូលវិថីសិល្បៈ ក្នុងចំណោមការបកស្រាយនោះ កញ្ញា យ៉ុន កាន់ទីម៉ា ដែលជាម្ចាស់ជយលាភីផ្នែកនារីបានឱ្យដឹងថា ទំរាំទទួលបានជយជំនះដូចពេលនេះ គឺនាងបានពុះពារ និងតស៊ូជាច្រើន ព្រោះគ្រាន់តែការដាក់ពាក្យប្រឡងក្នុងកម្មវិធី សម្រស់ឯកវាយនភណ្ឌ គឺ៣ដងមកហើយ តែមិនជាប់។ នាងថា ដោយសារការខិតខំប្រឹងប្រែង ការលើកទឹកចិត្តមានឪពុកម្តាយ និងអ្នកជុំវិញខ្លួន ទើបជំរុញឲ្យនាងមកដាក់ពាក្យលើកទី៣ ក្នុងឆ្នាំ២០១៩នេះ ទើបបានប្រកួត និងទទួលជោគជ័យដូចពេលនេះ។

តារាស្រីរូបនេះបានបន្តថា ខណៈដែលខ្លួនកំពុងបោះជំហានចូលវិថីសិល្បៈ នាងបើកទូលាយទាំងអស់ បានន័យបើមានខាងផលិតករ ឬផលិតកម្មណាមួយ បើកឱកាសឱ្យនាងចូលរួមសម្តែងភាពយន្ត នាងនឹងខំប្រឹង ទោះអាជីពជាតារាបង្ហាញម៉ូត ដែលក៏មានចិត្តចង់ចេះសម្តែងផងដែរ។ នាងបានបង្ហាញជំហរថា មិនថាតួកាចស្លូតទេ ឲ្យតែមានឱកាសគឺអាចសម្តែងបានទាំងអស់តែម្តង។

យ៉ាងណាមិញ ងាកមកជយលាភីផ្នែកបុរស គឺលោក លឿង វិសាល ក៏មិនខុសគ្នាពីជយលាភីនារីដែរ ដោយលោកបានបង្ហាញនូវជំហរដូចគ្នា ទៅលើអាជីពជាតារាសម្តែង។ លោកថា បន្ទាប់ពីប្រឡងចប់ភ្លាមៗ មានខាងក្រុមហ៊ុនមួយចំនួនទាក់ទងមកឲ្យលោកថតស្ពតឲ្យ ដោយក្នុងនោះមានខាងហាងលក់សម្លៀកបំពាក់ Mr Man និងក្រុមហ៊ុន Ture Money ខណៈការថតស្ពតនេះទៀតសោត គឺថតជាមួយជយលាភីនារី កញ្ញា យ៉ុន កាន់ទីម៉ា តែម្តង។

គួរជម្រាប់ថា ម្ចាស់ជយលាភីទាំងពីររូបនេះ ត្រូវបានគេដឹងថាមានសមត្ថភាព និងទេពកោសល្យសិល្បៈគួរសមក្នុងវិស័យសិល្បៈ ទោះមិនមានពេលវេលាច្រើន ក្នុងការហាត់រៀនដើរម៉ូត ត្បិតអីការងារកាត់ដេក្នុងរោងចក្ររវល់ ប៉ុន្តែនៅតែអាចឆ្លៀតមកប្រកួតប្រជែងយកជយជំនះទាល់តែបាន។ ព្រោះទំរាំទទួលបានលិទ្ធផលល្អបែបនេះ គឺត្រូវឆ្លងកាត់វគ្គជម្រុះជាមួយបេក្ខជនមកពីគ្រប់ទិសទីដល់ទៅជាង ៣ពាន់នាក់ឯណោះ។

You might also like More from author