ពានសម្ដេច​តេជោ ហ៊ុន សែន វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នឹង​ប្រកួត​ស្អែកនេះ

(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះចម្ងល់រឿងលើកពេលស្ងាត់ៗ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ នឹងចាប់ ផ្ដើមការប្រកួតជើងទី១ សម្រាប់វគ្គជម្រុះ ៨ក្រុមចុងក្រោយ (១/៤ ផ្ដាច់ព្រ័ត្រ) នាថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០១៩ នេះហើយ ខណៈស្អែកនេះមាន ៣គូ សុទ្ធតែប្រកួតនៅរាជធានីភ្នំពេញ។

សម្រាប់កម្មវិធី ៣ប្រកួត នាថ្ងៃទី១៤ ខែសីហាស្អែកនេះ រួមមានក្រុមបឹងកេត ត្រូវបើកទ្វារផ្ទះទទួលក្រុមសូលទីឡូអង្គរ នៅកីឡដ្ឋានខេមបូឌា អ៊ែរវ៉េ នាវេលាម៉ោង ៣៖៣០នាទីរសៀល ខណៈក្រុមក្រសួងការពារជាតិ ត្រូវទទួលក្រុមភ្នំពេញក្រោននៅកីឡដ្ឋានស្ដាតចាស់ និងក្រុមវិសាខា ប៉ះក្រុមគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានវិសាខា នាវេលាម៉ោង ៦ល្ងាចដូចគ្នា។

ដោយឡែក ១ប្រកួតទៀត គឺជាការជួបគ្នារវាងក្រុមអង្គរថាយហ្គឺរ និងក្រុមព្រះខ័នរាជស្វាយរៀង ដែលទើបប្រកួតស្មើគ្នា ១-១ ក្នុងលីគកំពូលកម្ពុជាកាលពីថ្ងៃអាទិត្យ។ អ្វីដែលពិសេស ក្រុមទាំងពីរនឹងបន្ដជួបប្រកួតជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះនៅកីឡដ្ឋានខេត្តសៀមរាបដដែលនាថ្ងៃទី១៥ ខែសីហានេះ។

គួរដឹងថា ដំបូងឡើយការប្រកួតជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី០៧-០៨ ខែសីហា តែដល់ថ្ងៃប្រកួត បែរជាគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) មិនបានធ្វើការជូនដំណឹង ធ្វើឲ្យមានអ្នកគាំទ្រជាច្រើនមានការងឿឆ្ងល់។ ក្រោយមកទើបមានការបញ្ជាក់ និងជូនដំណឹងនូវកម្មវិធីប្រកួតថ្មី ដែលមានការលើកពេល ១សប្ដាហ៍ មកប្រកួតជើងទី១ នៅថ្ងៃទី១៤-១៥ ខែសីហាវិញ។ រីឯជើងទី២ គ្រោងប្រកួតនាថ្ងៃទី២៨-២៩ ខែសីហាខាងមុខ៕

You might also like More from author