កីឡាករ ចាន់ប៉ូលីន លើក​ឡើង​ពី​ជំនួប​ទល់​នឹង​ជើងឯក​ចាស់ ការពារជាតិ ក្នុង​ពាន​សម្តេច​តេជោ ស្អែកនេះ

(ភ្នំពេញ)៖ ការប្រកួតក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ ៨ក្រុមចុងក្រោយ ក្រុមភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតជាមួយក្រុមជើងឯកឆ្នាំមុន ក្រសួងការពារជាតិ ដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃស្អែកនេះវេលាម៉ោង ៦៖០០ល្ងាចនៅកីឡដ្ឋានស្តាតចាស់។

កីឡាករវ័យក្មេងរូបនេះបាននិយាយថា «នេះជាឱកាសមួយសម្រាប់កីឡាករខ្មែររបស់យើង ដើម្បីផ្តោតអារម្មណ៍ និងយកចិត្តទុកដាក់ក្នុងការប្រកួតនេះ ហើយខ្ញុំជឿថា កីឡាករខ្មែររបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់នេះផងដែរ»

ប៉ូលីន បានយល់ឃើញថា ការប្រកួតក្នុងពានរង្វាន់សម្តេចជាការមួយ ដែលក្រុមត្រូវតែផ្តោតអារម្មណ៍លេងឲ្យបានខ្លាំង ព្រោះក្រុមហាក់ដូចជាអស់ឱកាសក្នុងលីគកំពូលទៅហើយ។

អ្វីដែលសំខាន់ផងនោះ ការលេងនាពេលកន្លងមកក្នុងលីគកំពូលយើងបានយកឈ្នះជាមួយនឹងលទ្ធផល ៣-១ នេះជាកត្តាជំរុញទឹកចិត្តមួយសម្រាប់ក្រុមយើងក្នុងការលេងនៅពេលនេះ ប៉ុន្តែយើងក៏ត្រូវតែមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់នៅពេលដែលប៉ះជាមួយពួកគេម្តងទៀតនេះ។

គួរដឹងដែរថា ការប្រកួតជាមួយក្រុមក្រសួងការពារជាតិកីឡាកររូបនេះបានយល់ឃើញថា «ការប្រកួតស្អែកនេះវាជាការប្រកួតមួយដែលល្អ និងជក់ចិត្ត ព្រោះវាអាចបង្ហាញពីសមត្ថភាពរបស់កីឡាករខ្មែរយើង ក៏ដូចជាការវាស់ស្ទង់សមត្ថភាព រវាងក្រុមយើងជាមួយនឹងក្រុមជើងឯកឆ្នាំមុន»

You might also like More from author