ខ្សែ​បម្រើ​ស្លាប Perisic ផ្លាស់​ទៅ​លេង​ឲ្យ Bayern ក្នុង​លក្ខខណ្ឌ​ខ្ចីជើង

(ក្រុងម៉ូនិច)៖ កីឡាករខ្សែបម្រើប្រយុទ្ធស្លាបឆ្វេង Ivan Perisic ត្រូវបានក្លឹបអ៊ីតាលី Inter Milan ចុះកិច្ចសន្យា ផ្ទេរជា លក្ខណៈខ្ចីជើងទៅឲ្យក្លឹប Bayern Munich របស់អាល្លឺម៉ង់ ក្រោមកិច្ចសន្យារយៈពេល ១ឆ្នាំជាមួយ នឹងជម្រើសទិញ ដាច់ផងដែរ ក្រោយចប់រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខនេះ។

ការចុះកិច្ចសន្យាជាផ្លូវការនេះ បានធ្វើឲ្យក្លឹបនៅ Premier League ២ខកបំណងរួមមាន កាំភ្លើងធំ Arsenal និង Manchester United ដែលចិញ្ចឹមចិត្តចង់បានកីឡាករវ័យ ៣០ឆ្នាំខាងលើនេះកាលពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ បន្ទាប់ពីមើលឃើញ Ivan Perisic កំពុងឡើងជើងជាមួយនឹងការជួយក្រុមជម្រើសជាតិក្រូអាតឡើងដល់ វគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 បើទោះបីជាចាញ់បារាំងក្តី។

Ivan Perisic ក៏ជាអតីតកីឡាករធ្លាប់លេងនៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ក្នុងក្លឹប Borussia Dortmund និង Wolfsburg មុនពេលចាកចេញកាលឆ្នាំ២០១៥ មកចូលរួមជាមួយ Inter Milan អស់រយៈពេល ៤ឆ្នាំ។

ក្រោយចុះកិច្ចសន្យារួច Perisic បានថ្លែងថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ក្នុងការត្រឡប់មកអាល្លឺម៉ង់វិញ។ Bayern Munich គឺជាក្លឹបដ៏ធំមួយនៅអឺរ៉ុប។ យើងនឹងរួមគ្នាប្រយុទ្ធមិនថាតែនៅក្នុង Bundesliga និង DFB Cup ប៉ុណ្ណោះទេ បូករួមទាំង UEFA Champions League ថែមទៀតផង»

You might also like More from author