ម្ចាស់​ផ្ទះ​សុទ្ធ​តែឈ្នះ ក្នុង​ជើង​ទី១ នៃ​ពាន​សម្ដេច​តេជោ ហ៊ុន វគ្គ ១/៤ផ្ដាច់​ព្រ័ត្រ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ បានបញ្ចប់ការប្រកួតវគ្គ ១/៤ផ្ដាច់ព្រ័ត្រ ជើងទី១ ចំនួន ៣គូហើយ ខណៈក្រុមម្ចាស់ផ្ទះ សុទ្ធតែទទួលបានជ័យជម្នះ រួមមានក្រុមវិសាខា ក្រុមក្រសួងការ ពារជាតិ និងក្រុមបឹងកេតអែហ្វស៊ី។

សម្រាប់វិសាខា បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៤-២ នៅកីឡដ្ឋានវិសាខា។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះ ធ្វើសម្រេចដោយកីឡាករ កែវ សុខផេង ២គ្រាប់, កីឡាករ ទិត្យ ឌីណា និង ឆេង ម៉េង ម្នាក់ ១គ្រាប់។ រីឯ ២គ្រាប់របស់គិរីវង់ រកបានដោយកីឡាករ សំ តារា និង ជូ ហាវ ។ អ្វីដែលពិសេស ការប្រកួតនេះ ក្រុមទាំងពីរ បានបាត់បង់សមាជិកម្នាក់ដូចគ្នា ក្រោយទទួលកាតក្រហម។

ចំណែកក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-០ នៅកីឡដ្ឋានស្ដាតចាស់។ ១គ្រាប់ធ្វើឲ្យក្រុមការពារតំណែងជើងឯក មានប្រៀបលើក្រុមភ្ញៀវ គឺធ្វើសម្រេចដោយកីឡាករ ណារ៉ុង កក្កដា នៅនាទី៤៨។ ប៉ុន្ដែការប្រកួតនេះ ភ្នំពេញក្រោនក៏បានព្យាយាមដាក់សម្ពាធខ្លាំងលើក្រុមម្ចាស់ផ្ទះដែរ តែធ្វើមិនបានសម្រេច ដែលធ្វើឲ្យពួកគេសល់ឱកាសប្រជែងកៅអីវគ្គបន្ដ នៅជើងទី២។

ឯក្រុមបឹងកេត គឺបានយកឈ្នះក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ២-០ នៅកីឡដ្ឋានខេមបូឌា-អ៊ែរវ៉េ របស់ខ្លួន។ នេះគឺជាការសម្រេចបំណងសងសឹករបស់ក្រុមបឹងកេត បន្ទាប់ពីពួកគេ រងបរាជ័យក្រោមថ្វីជើងសូលទីឡូអង្គរ ក្នុងលីគកំពូលកម្ពុជា កាលពីជើងទី១។ ចំពោះគ្រាប់បាល់ជ័យជម្នះក្នុងដីនេះ គឺរកបានដោយកីឡាករ ចាន់ វឌ្ឍនាកា ទាំង ២គ្រាប់ ។ តែយ៉ាងណាក្រុមទាំងពីរ នៅសល់ការប្រកួត ៩០នាទីទៀត។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រកួត ជាមួយលទ្ធផលទាំងប្រផិតប្រផើយខាងលើ ទោះបីក្រុមទទួលបាន ជ័យជម្នះ មានប្រៀបក៏ពិតមែន ប៉ុន្ដែក្រុមចាញ់ ក៏មិនទាន់អស់ឱកាសដែរ ព្រោះក្រុមនីមួយៗ សុទ្ធតែមានឱកាស ប្រកួតក្នុងដី នៅជើងទី២ នាថ្ងៃទី២៨ ខែសីហាខាងមុខ ដើម្បីកាត់សេចក្ដី រកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ ព្រ័ត្រ។

ប៉ុន្ដែនៅរសៀលថ្ងៃនេះ ក៏មានជំនួបវគ្គ ១/៤ ផ្ដាច់ប្រ័ត្រ ជើងទី១ មួយប្រកួតដែរ រវាងក្រុមអង្គរថាយហ្គឺរ និងក្រុមព្រះខ័នរាជស្វាយរៀង ដែលនឹងធ្វើឡើង នៅកីឡដ្ឋានខេត្តសៀមរាប វេលាម៉ោង ៣៖៣០នាទីរសៀល៕

You might also like More from author