AFF U-18៖ កម្ពុជា អាច​ទម្លាក់​ម្ចាស់​ផ្ទះ​វៀតណាម​បាន​ទេ​ល្ងាច​នេះ? (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ហូជីមិញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមម្ចាស់ផ្ទះ U-18 វៀតណាម នាវេលាម៉ោង ៤ល្ងាចនេះ ក្នុងជំនួបង្គ្រប់កិច្ចពូល B នៃពានរង្វាន់ AFF U-18 Championship 2019 នៅកីឡដ្ឋាន Thong Nhat Stadium នាទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ទោះបីនេះជាការប្រកួតបង្គ្រប់កិច្ចរបស់ U-18 កម្ពុជាក៏ពិតមែន តែក្រុមគោព្រៃជំទង់កម្ពុជា ក៏ត្រូវការឈ្នះ ដើម្បីសាងប្រវត្តិសាស្ដ្រថ្មីមួយទៀត ក្នុងការយកឈ្នះក្រុមខ្លាំង វៀតណាម បន្ទាប់ពីផ្ដួលក្រុម U-18 ថៃ កាលពីពេលថ្មីៗ ដែរ។ ប៉ុន្ដែអ្វីដែលពិសេស គឺក្រុម U-18 វៀតណាម ត្រូវការឈ្នះ ដើម្បីប្រជែងកៅអីវគ្គ ៤ក្រុមចុងក្រោយ។ ចាំមើល U-18 កម្ពុជា អាចទាញ់វៀតណាម ឲ្យធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូលដូចខ្លួនបានទេ?

បច្ចុប្បន្នក្រុមគោព្រៃជំទង់កម្ពុជា បានធ្លាក់ដោយស្វ័យប្រវត្តិហើយ តែ U-18 វៀតណាម មិនទាន់អស់ឱកាស នោះទេ បន្ទាប់ពីពួកគេរកបាន ៧ពិន្ទុ តាមពីក្រោយក្រុម U-18 ម៉ាឡេស៊ី និងអូស្ដ្រាលី ដែលមាន ៩ពិន្ទុក្នុងដៃ ស្មើគ្នា។ ថ្ងៃនេះ ក្រុមទាំង ៣ នឹងត្រូវប៉ះគូប្រជែងផ្សេងគ្នា ដែលជាការប្រកួតកាត់សេចក្ដី ដោយម៉ាឡេស៊ី ប៉ះថៃ និងអូស្ដ្រាលី ប៉ះសិង្ហបុរី។ ដូច្នេះវាក៏ជារឿងល្អមួយ បើសិនកម្ពុជា អាចបង្អាក់ដំណើរក្រុមខ្លាំងវៀតណាម ត្រឹមវគ្គជម្រុះក្នុងពូល ដូចខ្លួនដែរ។

គួរបញ្ជាក់ថា ការប្រកួតដ៏សំខាន់ទាំង ៣ប្រកួតខាងលើ ត្រូវបានគណៈកម្មការរៀបចំការប្រកួតសម្រេចលើក មករៀបចំការប្រកួត នៅវេលាម៉ោង ៤ល្ងាចនេះដូចគ្នា បន្ទាប់ពីគណៈកម្មការមើលឃើញពិន្ទុរបស់ក្រុម ៣ (ម៉ាឡេស៊ី, អូស្ដ្រាលី និងវៀតណាម) មានការប្រទាញប្រទុងគ្នាខ្លាំង។ ដូច្នេះគណៈកម្មការបានចាត់ទុក នេះគឺជាការប្រកួតកាត់សេចក្ដី ដោយសម្រេចលើកពេលមកប្រកួតក្នុងម៉ោងដំណាលគ្នាតែម្ដង៕

You might also like More from author