គ្រូ U-18 វៀតណាម ចុះ​ចេញពី​តំណែង​ភ្លាមៗ ក្រោយ​ចាញ់ U-18 កម្ពុជា​ល្ងាច​មិញ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ហូជីមិញ)៖ លោក Hoang Anh Tuan គ្រូបង្វឹកក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំវៀតណាម ប្រកាសចុះចេញពីតំណែងភ្លាមៗ បន្ទាប់ពីដឹកនាំក្រុមប្រកួតចាញ់ក្រុមជម្រើសជាតិ U-18 កម្ពុជា ដោយលទ្ធផល ២-១ ក្នុងជំនួបចុងក្រោយ នៃពានរង្វាន់ AFF U-18 Championship 2019 ប្រចាំពូល B នៅទីក្រុងហូជីមិញ កាលពីល្ងាចមិញ។

យោងតាមសារព័ត៌មានវៀតណាម (vnexpress.net) បានបញ្ជាក់ថា ក្រោយក្រុម U-18 វៀតណាម ចាញ់ក្រុម U-18 កម្ពុជា លោក Hoang Anh Tuan បានស្នើទៅសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ដើម្បីលាលែងពី តំណែង ហើយសហព័ន្ធក៏បានយល់ព្រមភ្លាមៗផងដែរ បន្ទាប់ពីលោកដឹកនាំក្រុមទទួលលទ្ធផលមិនបានល្អ ដោយមិនត្រឹមចាញ់ក្រុមគោព្រៃជំទង់កម្ពុជានោះទេ ថែមទាំងធ្លាក់ត្រឹមវគ្គជម្រុះថែមទៀត។

ប្រភពព័ត៌មានខាងលើបានសង្កត់ធ្ងន់ទៀតថា «នេះជាលើកទី ១ ក្នុងប្រវត្តិសាស្ត្រហើយ ដែលវៀតណាមចាញ់ កម្ពុជាក្នុងការប្រកួតផ្លូវការបែបនេះ។ លទ្ធផលនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះវៀតណាម របូតឱកាសឡើង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U-18 Championship 2019។ បន្ទាប់ពីការប្រកួតលោក Hoang Anh Tuan បាននិយាយថា គាត់គ្មានអ្វី ដើម្បីដោះសារ ចំពោះការបរាជ័យនេះឡើយ»

គួរបញ្ជាក់ថា លោក Hoang Anh Tuan បានដឹកនាំក្រុមយុវជនវៀតណាម តាំងពីឆ្នាំ២០១៥ មកម្លេះ ហើយនៅឆ្នាំ២០១៦ លោកធ្លាប់ជួយក្រុមខេត្តហាយហៃ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Asian Cup U-19 និងបានរួមចំណែកជួយក្រុមជម្រើសជាតិ U-20 វៀតណាម ចូលរួមក្នុងព្រឹត្តិការណ៍ FIFA World Cup U20 លើកដំបូង កាលពីឆ្នាំ២០១៧ ផងដែរ៕

You might also like More from author