គ្រូ Pro-License កម្ពុជា បញ្ចេញ​​​​​​ទស្សនៈ​វិជ្ជមាន ចំពោះ U-18 កម្ពុជា ក្រៅពី​ឈ្នះថៃ និង​វៀតណាម (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាតិបានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាព ខ្លាំង នៅលើបណ្ដាញទំនាក់ទំនងសង្គម ចំពោះក្រុមជម្រើសជាតិ U-18 កម្ពុជា ទោះបីពួកគេ មិនបានឡើងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាមក៏ដោយ។

លោក ប្រាក់ សុវណ្ណារ៉ា អ្នកចាត់ការទូទៅក្រុមនគរបាលជាតិ ដែលកាន់សញ្ញាប័ត្រ Pro-License ខ្ពស់ជាងគេ នៅកម្ពុជា បានលើកឡើងថា មិនថាអ្នកគាំទ្រនោះទេ សូម្បីលោកក៏មិនមោទនភាពដែរ ដែលក្រុម U-18 កម្ពុជា អាចយកឈ្នះក្រុម ដែលមានការអភិវឌ្ឍន៍បាល់ទាត់ជាតិកម្ពុជា ដូចជាថៃ និងវៀតណាម។ ប៉ុន្ដែនេះគឺជា ទស្សនៈរួម ព្រោះវាគឺជាជ័យជម្នះប្រវត្តិសាស្ដ្រ ដែលធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត។

ប៉ុន្ដែក្រឡេកទៅមើលទស្សនៈទូទៅវិញ ជនជាតិជប៉ុន រួមទាំងលោក Gyotoku Koji គ្រូបង្វឹកក្រុម U-18 ផងដែរ មិនផ្ដោតលើលទ្ធផលប៉ុន្មានទេ គេផ្ដោតលើការអភិវឌ្ឍជាង ជាក់ស្ដែងគ្រប់ការប្រកួតរបស់ក្រុមគោព្រៃជំទង់ កម្ពុជា ក្នុងព្រឹត្តិការណ៍ខាងលើ លោក Gyotoku Koji បានផ្លាស់ប្ដូរកីឡាករលេងគ្រប់ៗគ្នា ដែលធ្វើឲ្យលោកពេញ ចិត្តស្ដូក ចំពោះការធ្វើបែបនេះ ដើម្បីការអភិវឌ្ឍ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

លោកបញ្ជាក់ថា «និយាយទូទៅ ជនជាតិជប៉ុន គាត់(Gyotoku Koji) អត់សូវខ្វល់រឿងលទ្ធផលទេ គាត់គិតរឿង អភិវឌ្ឍន៍ ដូចយើងឃើញគ្រប់ការប្រកួត គាត់ប្ដូរកីឡាករលេងទាំងអស់….។ ជារួមបើយើងប្រៀបធៀបជាមួយ ប្រទេសផ្សេងៗ គឺខ្មែរយើងខ្លាំង ព្រោះយើងផ្ដល់ឱកាសឲ្យកីឡាករលេងទាំងអស់ ផ្ទុយពីម៉ាឡេស៊ី អូស្ដ្រាលី និងវៀតណាម ដែលដាក់កីឡាករល្អៗ លេងគ្រប់ប្រកួត ដើម្បីដណ្ដើមជ័យជម្នះ»

លោកបានវាយតម្លៃខ្ពស់ ចំពោះយុទ្ធសាស្ដ្រមួយនេះ រហូតលោកសង្កត់ធ្ងន់ថា «ខ្ញុំគាំទ្រ ព្រោះបើយើងចង់បាន ផលនៅស៊ីហ្គេម ឆ្នាំ២០២៣ យើងខ្លាចអី នឹងចាញ់ពេលនេះ តែបើយើងចង់បានលទ្ធផលពេលហ្នឹង យើងដាក់តែ កីឡាករល្អៗទៅ លេងបានហើយ»។ ដូច្នេះលោកបានស្នើឲ្យក្រុមយុវជនបាទី ពិសេសក្លឹបលីគ កំពូលកម្ពុជា ត្រូវផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងបង្ហាញសមត្ថភាពក្នុងលីគ ដើម្បីរួមគ្នាបង្កើតក្រុមជម្រើសជាតិ មួយខ្លាំងនាថ្ងៃអនាគត។

គួរដឹងថា ក្រុមជម្រើសជាតិ U-18 កម្ពុជា បានបញ្ចប់ការប្រកួតពានរង្វាន់ AFF U-18 Championship 2019 នៅវៀតណាម ដោយឈរលេខ៤ ក្នុងពូល B ជាមួយលទ្ធផល ៥ប្រកួតឈ្នះ២ និងចាញ់ ៣។ ចំពោះជ័យជម្នះ ២ប្រកួត គឺឈ្នះក្រុម U-18 ថៃ ៤-៣ និងឈ្នះ U-18 វៀតណាម ២-១។ ជ័យជម្នះនេះហើយ ដែលធ្វើឲ្យអ្នក គាំទ្រកម្ពុជាពេញចិត្ត ទោះមិនបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនាវេលាម៉ោង ៥ល្ងាចនេះ ពួកគេនឹងធ្វើដំណើរមកដល់មាតុភូមិវិញហើយ៕

You might also like More from author