ក្ដៅៗ! វិសាខា យកប្អូនលោក Leonardo ដឹកនាំ U-15 របស់ខ្លួន

(ភ្នំពេញ)៖​ ក្លឹបបាល់ទាត់វិសាខា បានប្រកាសតែងតាំងលោក Luis Fernando Vitorino ប្អូនប្រុសលោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងក្លឹបភ្នំពេញក្រោន ដើម្បីដឹកនាំក្រុមយុវជនថ្នាល U-15 ដែលក្លឹបទើបបង្កើតកាលពីពេលថ្មីៗ ។

នេះគឺជាដំណឹងគួរឲ្យចាប់អារម្មណ៍មួយ ដែលលោក Luis Fernando Vitorino អាចរកទ្រនំថ្មីបានលឿន បន្ទាប់ពីចែកផ្លូវជាមួយក្លឹបភ្នំពេញក្រោន កាលពីដើមខែសីហាកន្លងទៅ ។ អ្វីដែលពិសេស គឺលោកបានសម្រេចបំណងបន្ដអាជីពគ្រូបង្វឹកនៅកម្ពុជា ដែលលោកស្រម៉ៃ ក្រោយលោកឈានជើងចូលមកប្រឡូកអាជីពលើសមរភូមិវាលស្មៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧ ។

ក្លឹបកំពុងសាងភាពល្បីល្បាញក្នុងលីគនេះ បានប្រកាសនៅយប់ថ្ងៃទី១៧ ខែសីនានេះថា «ក្លឹបកីឡាបាល់ទាត់វិសាខា មានកិត្តិយសសូមជម្រាបជូនសាធារណជន ពិសេសអ្នកគាំទ្រឲ្យបានជ្រាបថា ក្លឹបបានសម្រេចតែងតាំងលោក Luis Fernando Vitorino – Luis Fernando Vitorino គឺជាគ្រូបង្គោលរបស់ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំ នៃក្លិបកីឡាបាល់ទាត់វិសាខា ជាផ្លូវការចាប់ពីពេលនេះតទៅ»

គួរដឹងថា បុរសប្រេស៊ីលរូបនេះ បានមកធ្វើការនៅកម្ពុជាដំបូង ក្នុងនាមគ្រូអ្នកចាំទី ក្រុមជម្រើសជាតិកម្ពុជា កាលពីឆ្នាំ២០១៧ ។ បន្ទាប់មកនៅដើមឆ្នាំ២០១៨ ត្រូវបានក្លឹបភ្នំពេញក្រោន តែងតែលោកជាគ្រូយុវជនថ្នាល រហូតដំឡើងជាគ្រូអ្នកចាំទីក្រុមធំ នៅដើមឆ្នាំ២០១៩ ។ តែដល់ដើមខែសីហាកន្លងទៅ ភ្នំពេញក្រោន បានប្រកាសចែកផ្លូវជាមួយគ្រូកម្រិត B-License រូបនេះ ទើបលោក Fernando ចូលរួមជាមួយវិសាខាតែម្ដង៕

You might also like More from author