កីឡាទូកនាគកម្ពុជា នឹងបន្តប្រជែងជើងឯកពិភពលោក IDBF World Dragon Boat Championship នៅថៃ

(ភ្នំពេញ)៖ តាមការប្រកាសរបស់អង្គភាពកីឡានគរបាលជាតិកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់បេសកម្មនៅទីក្រុង Cheng Du ប្រទេសចិន ដោយដណ្ដើមបានមេដាយមាស ១គ្រឿងពីព្រឹត្តិការណ៍ World Police & Fire Games លើកទី១៨ ឆ្នាំ២០១៩ ក្រុមកីឡាទូកនាគ របស់អង្គភាពកីឡានគរបាលជាតិកម្ពុជា ត្រូវបន្តទទួលភារៈថ្មីមួយទៀត គឺការចូលរួមប្រជែងដណ្ដើមមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកនាគពិភពលោក លើកទី ១៤ ឬ 14th IDBF World Dragon Boat Championship នៅក្រុងប៉ាតាយ៉ា ប្រទេសថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់២៥ សីហា ២០១៩ ។

សម្រាប់ព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះនិងមានអត្តពលិកចូលរួមប្រកួតជាង៤០០០នាក់ មកពី ៣០ប្រទេស ដោយប្រកួតក្នុងរយៈពេល៥ថ្ងៃលើ ៥ប្រភេទវិញ្ញាសាផ្សេងៗគ្នា។

បញ្ជាក់ផងថា ឯកឧត្តម ឧត្ដមសេនីយ៍ឯកបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់ សម្ដេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានក្រើនរំឭកដល់កីឡាករទាំងអស់ កុំឲ្យមានមោទកភាព ឬអំនួត ចំពោះសមត្ថភាពខ្លួនខ្លាំងពេក ព្រមទាំងត្រូវថែរក្សាសុខភាព ព្រោះប្រភេទកីឡានេះត្រូវការកម្លាំងខ្លាំង ជាពិសេសគឺសាមគ្គីភាពផងដែរ៕

You might also like More from author