ចាន់ វឌ្ឍនាកា និង​គ្រូវិសាខា ឈ្នះ​ពាន​ឯកត្ដ​ជន​ប្រចាំ​ខែ​កក្កដា​ដូច​គ្នា (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធឆ្នើមរបស់បឹងកេត ចាន់ វឌ្ឍនាកា និងគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុមវិសាខា លោក Akeeb បានឈ្នះពានឯកត្តជនរៀងៗខ្លួនពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ប្រចាំខែកក្កដា គឺពានកីឡាករល្អ និងគ្រូល្អ ប្រចាំខែកក្កដា ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩។

ចាន់ វឌ្ឍនាកា បានឈ្នះពានកីឡាករល្អប្រចាំខែកក្កដា បន្ទាប់ពីគេបានបង្ហាញវត្តមានគ្រប់ការប្រកួតក្នុងខែកក្កដា ពិសេសបានទទួលពានកីឡាករឆ្នើមប្រចាំការប្រកួត (Man of the match) ចំនួន ២លើក ពេលបឹងកេត ស្មើភ្នំពេញក្រោន និងស្មើអង្គរថាយហ្គឺរ ដែលនាំឲ្យកីឡាករជំនាញជើងឆ្វេងនេះក្រសោបពាននេះតែម្ដង។

ចំណែកលោក Akeeb គ្រូបង្វឹកបណ្ដោះអាស្នរបស់វិសាខា បានឈ្នះពានគ្រូបង្វឹកល្អប្រចាំខែដែរ ក្រោយដឹកនាំ ៤ប្រកួតក្នុងលីគ មិនស្គាល់ពាក្យថាចាញ់ ពោលគឺឈ្នះសូលទីឡូអង្គរ ៣-២ (ក្រៅដី), ឈ្នះគិរីវង់ ៤-១ (ក្រៅដី), ឈ្នះភ្នំពេញក្រោន ៤-៣ (ក្នុងដី) និងឈ្នះក្រុមអគ្គិសនីកម្ពុជា ៧-០ (ក្រៅដី) ទើបលោកមានលទ្ធភាពទទួលពានពី CNCC។

គួរដឹងថា ពិធីប្រគល់ពានបុគ្គលិកឆ្នើមដល់អ្នកទាំងពីរ បានធ្វើឡើងមុនជំនួបសប្ដាហ៍ទី២០ នៃលីគកំពូលកម្ពុជា រវាងបឹងកេត និងវិសាខាកាលពីម្សិលមិញ ខណៈការប្រកួតដ៏តានតឹងបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ របស់បឹងកេត៕

You might also like More from author