Chamberlain បន្ត​កិច្ច​សន្យា​ថ្មី​ជា​មួយ Liverpool រហូត​ដល់​ឆ្នាំ២០២៣ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(លីវើភូល)៖ កីឡាករខ្សែបម្រើស្លាប Alex Oxlade-Chamberlain បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីទៀតជាមួយ ក្លឹបហង្សក្រហម Liverpool ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៣ បន្ទាប់ពីជួយឲ្យក្លឹបនេះឈ្នះជើងឯក UEFA Champions League រដូវកាលមុនរួចមក។

នៅចាំបានថា កីឡាករសញ្ជាតិអង់គ្លេស វ័យ២៥ឆ្នាំរូបនេះ បានមកចូលរួមជាមួយ Liverpool កាលខែសីហា ឆ្នាំ២០១៧ ជាមួយនឹងកិច្ចសន្យារយៈពេល ៥ឆ្នាំនៅកីឡដ្ឋាន Anfield ក្រោយចាកចេញពីក្លឹបរួម Premier League កាំភ្លើងធំ Arsenal ក្នុងតម្លៃខ្លួនប្រមាណ ៣៥លានផោន។

ក្រោយពីនោះ Chamberlain បានខកខានពេញ ១រដូវកាលក្នុងឆ្នាំ២០១៨ ដោយសាររបួសជង្គង់ធ្ងន់ធ្ងរដោយ ត្រូវបាន វះកាត់ផងដែរ និងទើបវិលចូលទីលានវិញកាលខែមេសា ឆ្នាំ២០១៩ និងជួយ Liverpool ឈ្នះជើងឯក Champions League ជាលើកទី៦ ផងដែរ ក្រោយយកឈ្នះ Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករខ្សែបម្រើដែលបានចូលលេង ៣២ប្រកួតក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ជាកីឡាករសំខាន់ ១រូបដែលបានជួយ Liverpool ឈ្នះជើងឯក UEFA Super Cup ទល់នឹង Chelsea នាថ្ងៃទី១៤ ខែសីហាផងដែរ តែបានបរាជ័យលើកពាន FA Community Shield ពេលចាញ់ Manchester City នៅកីឡដ្ឋាន Wembley នាថ្ងៃទី០៤ ខែសីហា៕

You might also like More from author