ជម្រុះ World Cup៖ លោក Felix និយាយ​អ្វីខ្លះ មុន​កម្ពុជា ប៉ះ​បារ៉ែន ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបន្ដបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិបារ៉ែន នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញានេះ ដែលជាប្រកួតទី២ ក្នុងពូល C នៃពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២-តំបន់អាស៊ី នៅលើទីលានពហុកីឡដ្ឋានជាតិ។

ជាមួយការប្រកួតនេះដែរ លោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានសម្ដែងការសប្បាយចិត្ត ដែលបានដឹកនាំកម្ពុជា តតាំងជាមួយបារ៉ែន ដែលត្រូវបានលោកចាត់ទុកជាមួយក្រុមមួយដ៏អស្ចារ្យ ហើយមានគ្រូបង្វឹកដ៏មានបទពិសោធន៍ និងការរៀបចំក្រុមដ៏ល្អ។ យ៉ាងណាមិញលោកសង្ឃឹមថា គោព្រៃកម្ពុជា នឹងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីប្រកួតប្រជែងជាមួយបារ៉ែន។

បន្ថែមលើនេះ លោកបានបង្ហើបនឹងរក្សានូវទម្រង់លេងដដែល តែត្រូវបង្កើនទំនុកចិត្តលេងឲ្យកាន់តែខ្លាំង ។ លោកថា «គំនិតរបស់យើង គឺនៅដដែល យើងនៅតែព្យាយាមឲ្យក្រុមរបស់យើងធ្វើបានមុន និងលឿនជាងគេ យើងនៅតែចង់ឲ្យក្រុមយើងមានភាពក្លាហានក្នុងការលេង ទោះបីជាលទ្ធផលឈ្នះ ឬចាញ់ ហើយខ្ញុំពិតជា រីករាយដែលប្រជាជនទទួលស្គាល់ និងពេញចិត្តអំពីរឿងនេះ។ យើងនៅតែចង់ឲ្យក្រុមរបស់យើងមាន របៀបលេង ដែលយើងចង់បាន ហើយសង្ឃឹមថាយើងនឹងបន្តធ្វើបានកាន់តែល្អ»

សូមបញ្ជាក់ថា ល្ងាចនេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមទាំងពីរ ដែលទាមទារជ័យជម្នះ ដើម្បីមានឱកាស ប្រជែងកៅអីកំពូលតារាង ស្របពេលក្រុមទាំងពីរ កំពុងមាន ១ពិន្ទុក្នុងដៃ ក្រោយប្រកួតស្មើរៀងៗខ្លួន កាលពីថ្ងៃ បើកឆាក ពោលគឺកម្ពុជា ស្មើហុងកុង ១-១ និងបារ៉ែន ស្មើអ៊ីរ៉ាក់ ១-១ ដូចគ្នា។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនា ឲ្យបានច្រើនកុះករ ដើម្បីចូលរួមលើកទឹកចិត្ដដល់កីឡាករក្រុមគោព្រៃកម្ពុជា៕

You might also like More from author