គ្រូកម្ពុជា ថាកូន​ក្រុម​រីក​ចម្រើន​ប៉ុន្មាន​ចំណុច​នេះ ក្រោយ​ប៉ះ​ក្រុម​ខ្លាំង​បារ៉ែន​យប់​មិញ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងការមិនពេញចិត្ត ចំពោះលទ្ធផល កាលពីយប់មិញឡើយ ក្រោយចាញ់ក្រុមជម្រើសជាតិបារ៉ែន ១-០ ប៉ុន្ដែលោកមិនបានបន្ទោសកូនក្រុមនោះទេ ដ្បិតលោកមើលឃើញការខំប្រឹង និងការរីកចម្រើនជាច្រើនចំណុច ក្រោយប៉ះក្រុមខ្លាំងប្រចាំទ្វីបអាស៊ីខាងលិច នេះ។

លោកថា «ចំណុចរីកចម្រើនរបស់កីឡាករយើង គឺការយល់ពីល្បែង យល់ពីស្ថានភាពការប្រកួត និងជំហរតាម តួនាទីរៀងៗខ្លួន និយាយទៅយើងមានចំណុចជាច្រើនរីកចម្រើន ហើយក៏មានចំណុចខ្វះខាតជាច្រើន ត្រូវកែតម្រូវបន្ថែមដែរ។ មួយទៀត គឺការលេងក្រោមសម្ពាធ តាមរយៈការគិតលឿន និងធ្វើលឿន យើងអាច លេងជាមួយសម្ពាធបាន។ ប៉ុន្ដែយ៉ាងណា យើងមិនពេញចិត្តលទ្ធផល ២ប្រកួតចុងក្រោយនេះទេ តែយើង នឹងព្យាយាម ដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នា»

ប៉ុន្ដែយ៉ាងណា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានកោតសរសើរចំពោះកូនក្រុម ដែលព្យាយាមជួយគ្នា លើទីលាន លេងដោយទំនុកចិត្ត និងអ្វីដែលខ្លួនចង់លេង។ លោកថា «ជាការពិតយើងបានលេងជាមួយក្រុម មួយខ្លាំងមែនទែន ប៉ុន្ដែយើងនៅតែមានភាពក្លាហានក្នុងការលេង។ ទោះបីយើងមិនទទួលបានពិន្ទុថ្ងៃនេះ តែយ៉ាងណាក៏ដោយ ខ្ញុំមើលឃើញកីឡាករទាំងអស់ក្នុងក្រុម គឺពិតជាអស្ចារ្យតាំងពីក្នុងទីលាន និងក្រៅទីលាន ទោះបីយើងទើបចាប់ផ្ដើមបាន ១ឆ្នាំក៏ពិតមែន»

សូមបញ្ជាក់ថា ការបរាជ័យយប់មិញ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា របូត ៣ពិន្ទុ ធ្លាក់មកឈរលេខ៤ ក្នុងពូល C នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី គ្រាដែលបារ៉ែន បានឡើងឈរកំពូល តារាង ក្រោយឆ្លងកាត់ ២ប្រកួត ឈ្នះ១ និងស្មើ១ មាន ៤ពិន្ទុ តាមពីក្រោយដោយក្រុមជម្រើសជាតិអ៊ីរ៉ង់ មាន ៣ពិន្ទុ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះហុងកុង ២-០ ក្នុងប្រកួតដំបូងរបស់ខ្លួនកាលពីយប់មិញនេះដែរ៕

You might also like More from author