កីឡាករ ទេស សម្បត្តិ និង សេត រ៉ស៊ីប និយាយ​អំពី​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ កីឡាកររបស់ក្លឹបបាល់ទាត់បឹងកេត ២រូបដែលបានស្ថិតក្នុងបញ្ជី ២៣រូបចុងក្រោយក្នុងក្រុម ជម្រើសជាតិកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងបេសកកម្មដ៏មានអត្ថន័យមួយនេះរៀងៗខ្លួន ក្រោយបញ្ចប់ ២ប្រកួត។

ក្រុមជម្រើសជាតិគោព្រៃកម្ពុជា បានបញ្ចប់បេសកកម្មដំបូងនៃការប្រកួតសន្សំពិន្ទុពូល C ចំនួន ២ប្រកួតនៃវគ្គ ជម្រុះពាន FIFA World Cup 2022 ដំណាក់កាលទី២ តំបន់អាស៊ីកាលពីរាត្រីថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ដោយលេងស្មើគ្នាពេលប៉ះហុងកុង ១-១ និងចាញ់បារ៉ែន ០-១។

ជាមួយគ្នានោះ ខ្សែការពារ ទេស សម្បត្តិ «ខ្ញុំនៅតែនិយាយថា ខ្ញុំរីករាយដែលជាកីឡាករក្នុង ២៣រូបចុងក្រោយ របស់ក្រុមជម្រើសជាតិ ដ្បិតតែខ្ញុំមិនមានឱកាសលេងលើទីលានក៏ដោយ វាជាបទពិសោធន៍ថ្មីៗជាច្រើន ដែលខ្ញុំទទួលបាន ព្រោះវ័យនៅក្មេង បានប៉ុណ្ណឹងខ្ញុំសប្បាយចិត្ត ហើយមិនមានការអាក់អន់ចិត្តអ្វីឡើយ តែខ្ញុំនឹងខំប្រឹងបន្តទៀត»

ចំណែកឯកីឡាករខ្សែការពារ សេត រ៉ស៊ីប ក៏បានឲ្យដឹងដែរថា «និយាយទៅ គឺទទួលបានបទពិសោធន៍ជាច្រើន យើងអាចដឹងពីកម្រិតរបៀបលេងនៅស្រុកគេ»។ ការប្រកួតទី១ និងទី២ ដែលខ្ញុំបានលេង គឺអត់សូវខុសគ្នាទេ គ្រាន់តែថាប្រកួតទី១ កីឡាករគេមានកម្រិតប្រហាក់ប្រហែលនឹងយើង អញ្ចឹងយើងមានភាពងាយស្រួល ក្នុងការលេង តែប្រកួតទី២ កម្រិតគេ គឺខ្ពស់ជាងយើង អញ្ចឹងហើយការគ្រប់គ្រងបាល់របស់យើងគឺពិបាក ហើយអត់សូវមានឱកាសយកបាល់ទៅមុខទាត់ទីគេបានច្រើនទេ»

គួរបញ្ជាក់ផងថា ក្រោយចប់ភារកិច្ចនៅក្រុមជម្រើសជាតិ កីឡាករទាំង ២រូបខាងលើនេះបានវិលត្រឡប់ មកចូលរួមហ្វឹកហាត់ជាមួយក្លឹបវិញ ដើម្បីត្រៀមប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជាថ្មីវិញដែរ៕

You might also like More from author