ប្រិយ​មិត្ត​មាន​ឱកាស​ឈ្នះ​រង្វាន់ ពីការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ពាន Hun Sen វគ្គ ៤ក្រុម និង​វគ្គ​ផ្តាច់​ព្រ័ត្រ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ យោងតាមការប្រកាសរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃព្រឹត្តិការណ៍ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០១៩ សម្រាប់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសឈ្នះរង្វាន់ពីការទិញសំបុត្រចូលទស្សនាផ្ទាល់ផងដែរ។

សំបុត្រនឹងត្រូវបានដាក់លក់ចាប់ពីថ្ងៃចន្ទ ទី១៦ ខែកញ្ញា សប្តាហ៍ក្រោយតទៅនៅទីស្នាក់ការ CNCC តែម្តង ដោយតម្លៃសំបុត្រធម្មតាគឺ ៣០០០រៀល និង ៥០០០រៀលសម្រាប់សំបុត្រវីអាយភី (VIP) ហើយរាល់ការទិញ សំបុត្រ នីមួយៗ ទស្សនិកជននឹងមានឱកាសឈ្នះរង្វាន់ពិសេសៗយ៉ាងច្រើនពី CNCC មានដូចជា រង្វាន់ធំ មានម៉ូតូម៉ាក Honda Beat 2019 ចំនួន ៣គ្រឿង ដោយគ្រាន់តែសន្សំសំបុត្រពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រហូតដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលការចាប់រង្វាន់នឹងត្រូវធ្វើឡើងនៅវគ្គផ្តាច់ព្រ័ត្រតែម្តង។

សូមបញ្ជាក់ផងថា សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន នឹងចាប់ផ្ដើមពីថ្ងៃពុធ ទី១៨ ខែកញ្ញា គឺជាការជួបគ្នារវាងវិសាខា ជួបជាមួយបឹងកេត និងព្រះខ័នរាជស្វាយរៀង ប៉ះភ្នំពេញក្រោន នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា គ្រាដែលកម្មវិធីចាប់រង្វាន់ដ៏ពិសេសនេះ ធ្វើឡើងដើម្បីលើក ទឹកចិត្តដល់អ្នកគាំទ្រដែលខំចំណាយពេល និងថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមទស្សនាការប្រកួតបាល់ទាត់ ថ្នាក់ជាតិលើកទី១៣ នេះ៕

You might also like More from author