ចាប់​ផ្តើម​រាប់​ថយ​ក្រោយ​ថ្ងៃ​នេះ​ទៅ សម្រាប់​ព្រឹត្តិការណ៍​កីឡា SEA Games 2023 ក្រោយ​សម្ពោធ​ផ្លូវការ ក្រោម​វត្តមាន​សម្ដេច​ពិជ័យសេនា ទៀ បាញ់

(ភ្នំពេញ)៖ កម្ពុជា បានសម្ពោធកាលបរិច្ឆេទផ្លូវការនៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដែលធ្វើឡើងក្រោមវត្តមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ផងដែរ (CAMSOC)។

ការសម្ពោធកាលបរិច្ឆេទ ដើម្បីរាប់ថយក្រោយ (Countdown) ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ បានរៀបចំដោយ CAMSOC នៅមជ្ឈមណ្ឌលកីឡាក្នុងសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងវេទិកាជាតិ លើកទី១ ស្ដីពីការផ្សព្វផ្សាយព្រឹត្តិកាណ៍កីឡា SEA Games និង ASEAN Para Games ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីកីឡា អ្នកជំនាញបរទេស មន្ដ្រីសហព័ន្ធ និងកីឡាករ-កីឡាការិនីជាច្រើន ផងដែរ។

សូមបញ្ជាក់ថា វេទិកាជាតិខាងលើ គ្រោងធ្វើ ១ថ្ងៃពេញ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំង ត្រៀមរៀបចំស៊ីហ្គេម ដោយក្រៅពីសម្ពោធបើកកាលបរិច្ឆេទផ្លូវការកីឡាស៊ីហ្គេម លើកទី៣២ ក៏នឹងមានការ ធ្វើបទបង្ហាញពីមន្ដ្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញផែនការសកម្មភាពកីឡាស៊ីហ្គេម ឆ្ពោះទៅរកភាព ជោគជ័យ ពិសេសការធ្វើបទបង្ហាញស្ដីពី «ប្រជាជនម្នាក់លេងកីឡាមួយមុខ ឬ One People One Sport» ស្របតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ដ្រីតែម្ដង៕

You might also like More from author