៣ក្រុម​សងសឹក​បាន​សម្រេច​ក្នុង​ជើង​ទី២ ខណៈ​ស្វាយរៀង​បន្ដឈ្នះ នៃ​​លីគ​​សប្ដាហ៍​​ទី២២ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ លីគកំពូលកម្ពុជា សប្ដាហ៍ទី២២ បានបញ្ចប់ដោយលទ្ធផលគួរឲ្យចាប់អារម្មណ៍ជាច្រើន ពិសេសមាន ៣ក្រុម បានសងសឹកបានសម្រេចក្នុងជើងទី២ ក្រោយរងបរាជ័យកាលពីជើងទី១ រួក្រុមមមានវិសាខា, នគរបាលជាតិ និងគិរីវង់ ខណៈក្រុមព្រះខ័នរាជស្វាយរៀង បានរក្សាកំណត់ត្រាឈ្នះ ដើម្បីឈរកំពូលតារាង កាលពីចុងសប្ដាហ៍កន្លងទៅ។

ចំពោះក្រុមវិសាខា បានយកឈ្នះក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៣-០ ខណៈជើងទី១ ពួកគេបានរងបរាជ័យ ១-០ ក្រៅដី។ ការប្រកួតនៅកីឡដ្ឋានវិសាខានេះ តង់ទី១ មិនមានគ្រាប់បាល់កើតឡើងនោះទេ រហូតដល់តង់ទី២ ទើបកីឡាករក្រុមម្ចាស់ផ្ទះ ព្យាយាមដាក់សម្ពាធរហូតរកបាន ៣គ្រាប់ ដោយកីឡាករ Da Cruz ២គ្រាប់ និងកីឡាករ សារី ម៉ាត់ណូរូទីន ១គ្រាប់។

ក្រុមនគរបាលជាតិ រឹតតែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយមិននឹកស្មានពួកគេ អាចលត់ក្រុមអង្គរថាយហ្គឺរ ៤-១ ដើម្បីសងសឹកឡើយ ដ្បិតជើងទី១ អង្គរថាយហ្គឺរ បានយកឈ្នះ ៤-២។ ការប្រកួតនៅកីឡដ្ឋានអគ្គិសនីកម្ពុជានេះ អង្គរថាយហ្គឺរ បាននាំមុខ ១គ្រាប់មុន នៅនាទី៩ តែក្រោយមក នគរបាលជាតិ បានព្យាយាមវាយបករហូតរកបាន ៤គ្រាប់ ដោយកីឡាករ Souza E Silva ៣គ្រាប់ និងកីឡាករ Okaro M.OSA ១គ្រាប់។

ចំណែកក្រុមគិរីវង់ បានធ្វើឲ្យអ្នកគាំទ្រភ្នំពេញក្រោន ខកចិត្តជាខ្លាំង តាមរយៈការយកឈ្នះ ៣-២ លើទឹកដីរបស់ខ្លួន ហើយក៏ជាជម្នះបញ្ជីបានសម្រេចដែរ ព្រោះជើងទី១ គិរីវង់ បានចាញ់ភ្នំពេញក្រោន ២-១ ។ ការប្រកួតដ៏ជក់ចិត្តនេះ តង់ទី១ គិរីវង់ បាននាំមុខភ្នំពេញក្រោន ៣-១ ទៅហើយ។ បន្ទាប់មកទើបភ្នំពេញក្រោន ព្យាយាមវាយបកតាមបាន ១គ្រាប់វិញ ធ្វើឲ្យចប់ការប្រកួតពេញម៉ោង គិរីវង់ ឈ្នះភ្នំពេញក្រោន ៣-២។

ក្រឡេកមកចាប់អារម្មណ៍ក្រុមព្រះខ័នរាជស្វាយរៀងវិញ បានទទួល ៣ពិន្ទុយ៉ាងងាយ ក្រោយយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៧-០។ ក្នុងចំណោមគ្រាប់ជ័យជម្នះនេះដែរ Privat រកបាន ៥គ្រាប់ និងកីឡាករ ត្រាយ វិចិត្រ រកបាន ២គ្រាប់ ដែលធ្វើឲ្យក្រុមលោក Conor Nestor បន្ដកំណត់ត្រាមិនស្គាល់ចាញ់ ក្រោយឆ្លងកាត់ ២២ប្រកួតឈ្នះ១៨ និងស្មើ៤ មាន ៥៨ពិន្ទុឈរកំពូលតារាង លើក្រុមវិសាខា ៨ពិន្ទុ និងក្រុមណាហ្គាវើលដ៏ ១៣ពិន្ទុឯណោះ៕

You might also like More from author