ក្រុម U-16 កម្ពុជា ចេញ​​​ទៅ​​ឡាវ​​ល្ងាច​នេះ ដើម្បី​​ប្រកួត​​វគ្គ​ជម្រុះ​​ពាន AFC U-16 Championship 2020

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងធ្វើដំណើរទៅប្រទេសឡាវនាល្ងាចថ្ងៃទី១៦ ខែកញ្ញានេះ ដើម្បីចូលរួមប្រកួតជម្រុះពានរង្វាន់ AFC U-16 Championship 2020 ពូល J ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។

បេសកកម្មនេះ ដឹកនាំដោយលោក Inoue Kazunori រួមជាមួយកីឡាករ ២៣នាក់ ដែលភាគច្រើនជាកីឡាករយុវជនសាលាបាល់ទាត់ជាតិបាទី ហើយមាន ៥នាក់ត្រូវបានកោះហៅពីក្លឹបភ្នំពេញក្រោន និងវិសាខា។ ប៉ុន្ដែមុនចេញដំណើរ ក្រុម U-16 កម្ពុជាក៏បានប្រមូលផ្ដុំហ្វឹកហាត់ នៅសាលាបាល់ទាត់ជាតិបាទីរយៈពេលប្រមាណ ១សប្ដាហ៍ផងដែរ។

ចំពោះគូប្រជែងក្នុងពូលរបស់ក្រុមគោព្រៃជំទង់កម្ពុជាវិញ សុទ្ធតែជាក្រុមខ្លាំងមានដូចជាក្រុម U-16 ជប៉ុន, ម៉ាឡេស៊ី និងឡាវ។ កម្មវិធីប្រកួតរួមមានប្រកួតដំបូងកម្ពុជា ត្រូវប៉ះជប៉ុននាថ្ងៃទី១៨-កញ្ញា មុនបន្ដជួបក្រុម U-16 ម៉ាឡេស៊ី នាថ្ងៃទី២០-កញ្ញា និងចុងក្រោយ ក្រុមយុវជនកម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះឡាវនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩៕

You might also like More from author