គ្រូបឹងកេត ប្រាប់​ចំណុច​ខ្សោយ​វិសាខា ដើម្បី​ទម្លាក់ និង​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ពាន Hun Sen Cup យប់​មិញ (ព័ត៌មានកីឡា ​ឧបត្ថម្ភដោយ Budweiser)

(ភ្នំពេញ)៖ ដោយសារវិសាខា ផ្ដោតលើការប្រយុទ្ធច្រើនពេក ត្រូវបានលោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត ចាត់ទុកជាចំណុចខ្សោយ ដើម្បីវាយលុករហូតទទួលបានជ័យជម្នះ ៤-០ សម្រាប់បើកកំណត់ត្រាឡើង វគ្គផ្ដាច់ព្រ័ត្រលើកដំបូង នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup ថ្នាក់ជាតិ លើកទី១៣។

លោក ហៅ សុជាតិ បានពេញចិត្តជាខ្លាំង ចំពោះជ័យជម្នះលើក្រុមសម្បូរដោយធនធានកីឡាករជម្រើសជាតិ នេះ។ លោកថា «យើងសប្បាយចិត្ត ចំពោះលទ្ធផលនេះ ហើយលទ្ធផលទាំងនេះ ខ្ញុំប្រគល់ឲ្យកីឡាករ ទាំងអស់ ដោយសារថ្ងៃនេះ ខ្ញុំឃើញពួកគាត់ មានការខិតខំប្រឹងប្រែង និងសហការគ្នាបានល្អមែនទែន នៅលើទីលាន»

បន្ថែមលើនេះ លោកក៏បានបង្ហើបនូវចំណុចខ្សោយរបស់វិសាខា ដែលធ្វើឲ្យបឹងកេតមានឱកាសយកឈ្នះ ជាមួយលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលនេះផងដែរ។ លោកថា «ចំណុចខ្សោយរបស់វិសាខា ដោយសារគាត់ផ្ដោត លើអាតាក់ (ប្រយុទ្ធ) ច្រើនពេក កីឡាករទាំងអស់ គឺអាតាក់ស្ទើរទាំងអស់តែយើងរៀបចំយ៉ាងម៉េចការពារឲ្យ បានល្អ ហើយហើយវាយបកមកវិញ»

យ៉ាងណាមិញលោក ហៅ សុជាតិ បានចាត់ទុកលទ្ធផលនេះ គឺជាជ័យជម្នះហួសពីការស្មានរបស់ខ្លួន ដែលបឹងកេតអាចរកបានច្រើនគ្រាប់ ក្នុងការប្រកួតជាមួយក្រុមខ្លាំងវិសាខា។ លោកថា «លទ្ធផលនេះ គឺហួស ពីការស្មានរបស់យើង ដែលយើងអាចរកបានច្រើនគ្រាប់ ក្នុងការលេងជាមួយក្រុមសម្បូរដោយកីឡាករ ជាប់ជម្រើសជាតិបែបនេះ»

គួរបញ្ជាក់ថា ក្រោយដណ្ដើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ បឹងកេត ត្រូវឈរចាំក្រុមព្រះខ័នរាជស្វាយរៀង ឬក្រុម ភ្នំពេញក្រោន ដែលនឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រល្ងាចនេះ ដើម្បីចម្រាញ់យកក្រុមឈ្នះឡើង វគ្គផ្ដាច់ព្រ័ត្រ នាខែក្រោយ។ ចាំមើលតើព្រះខ័នរាជស្វាយរៀង ឬភ្នំពេញក្រោន នឹងត្រូវឡើងទៅជួបបឹងកេត?

You might also like More from author